ភ្នំពេញ៖ រោងស្នាក់នៅកម្មករមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចក្នុងរាជធានីភ្នំពេញ កាលពីវេលាម៉ោង ១២ និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវលេខ៤ ក្រុមទី០៥ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ភ្លាមៗក្រោយកើតហេតុ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងចេញជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន កងកម្លាំងសមត្ថកិច្ចជំនាញបានចេញប្រតិបត្តិការបាញ់ទឹកពន្លត់ភ្លាមៗ ដើម្បីទប់ស្កាត់កុំឲ្យអគ្គិភ័យឆាបឆេះរាលដាលដល់លំនៅឋានដែលនៅក្បែរនោះ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ក្នុងប្រតិបត្តិការដ៏តានតឹងនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង របស់ការិយាល័យរាជធានីភ្នំពេញ ដោយប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប។
រោងស្នាក់នៅកម្មករដែលរងការខូចខាតនេះមានទំហំ ៣ម៉ែត្រ គុណ ១២ម៉ែត្រ ជាប្រភេទសំណង់ដែកប្រក់ស័ង្កសី។ ក្នុងហេតុការណ៍នេះ ម៉ាស៊ីនទឹកក្តៅទឹកត្រជាក់ ០១គ្រឿង គ្រែពូក និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀត ត្រូវបានបំផ្លាញទាំងស្រុង។
យ៉ាងណាមិញ ករណីអគ្គិភ័យនេះ មិនបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ហើយត្រូវបានកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ១:០០នាទីរសៀល នាថ្ងៃខែឆ្នាំដដែល។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបញ្ជាក់បន្ថែមថា តាមការស៊ើបអង្កេត កម្លាំងសមត្ថកិច្ចជំនាញបានរកឃើញថា មូលហេតុនៃអគ្គិភ័យនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។
គួរបញ្ជាក់ផងដែរថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យដ៏រន្ធត់នេះ មិនបានបណ្តាលឲ្យនរណាម្នាក់រងរបួសនោះឡើយ៕

