ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាំយក «សំពត់ហូលខ្មែរ» ជូនសមាជិកសភាអាមេរិក ដើម្បីពង្រឹងចំណងមិត្តភាព និងវប្បធម៌!

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាំយក «សំពត់ហូលខ្មែរ» ជូនសមាជិកសភាអាមេរិក ដើម្បីពង្រឹងចំណងមិត្តភាព និងវប្បធម៌!

វ៉ាស៊ីនតោន ឌីស៊ី ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ច និងពិភាក្សាការងារដ៏សំខាន់ជាមួយលោកស្រី Beth Van Duyne សមាជិកសភាតំណាងរាស្ត្រអាមេរិក នៅព្រឹកថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់)។ ជំនួបនេះធ្វើឡើងក្រោយពីជំនួបពិភាក្សាការងារជាមួយស្ថាប័ន DFC ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងលោកឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ីកូ។ លោកស្រី Beth Van Duyne ជាសមាជិកសភាតំណាងរាស្ត្រប្រចាំមណ្ឌលទី២៤ រដ្ឋតិចសាស់ និងជាសមាជិកគណៈកម្មាធិការសំខាន់ៗពីររបស់រដ្ឋសភាអាមេរិក។ ក្នុងឱកាសនេះដែរ លោកបណ្ឌិត Richard McCormick សមាជិកសភាអាមេរិកមួយរូបទៀត ក៏បានឆ្លៀតពេលពីកិច្ចប្រជុំមកជួបសម្តែងការនឹករលឹកជាមួយលោកឧបនាយករដ្ឋមន្ត្រីផងដែរ។
ជំនួបការងារនេះមានគោលបំណងចម្បង ដើម្បីពង្រឹងចំណងពាណិជ្ជកម្មទ្វេភាគី និងជំរុញការវិនិយោគពីអាមេរិកមកកម្ពុជា ជាពិសេសលើវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម ព្រមទាំងពិភាក្សាពីការកាត់បន្ថយរបាំងពាណិជ្ជកម្មនានា។ លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រីសមាជិកសភា បានផ្លាស់ប្តូរទស្សនៈយល់ឃើញយ៉ាងស៊ីជម្រៅ ដើម្បីបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជន និងសេដ្ឋកិច្ច ពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
ក្នុងឱកាសដ៏មានសារៈសំខាន់នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រធំៗចំនួនពីររបស់កម្ពុជា៖ ទី១ គឺការចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួរ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកសាងសន្តិភាព និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ព្រមទាំងធានាស្ថិរភាពក្នុងតំបន់។ ការណ៍នេះ ក៏មានការគាំទ្រពីសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក តាមរយៈលោកប្រធានាធិបតី Donald J. Trump និងសមាគមអាស៊ាន តាមរយៈលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim។ ទី២ គឺការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច។
ជាមួយគ្នានោះ លោកបណ្ឌិត Richard McCormick សមាជិកសភាតំណាងរាស្ត្រប្រចាំរដ្ឋ Georgia ក៏បានឆ្លៀតពេលដ៏មមាញឹករបស់លោកមកជួបសម្តែងការនឹករលឹកយ៉ាងកក់ក្តៅជាមួយលោកឧបនាយករដ្ឋមន្ត្រី។ ជំនួបនេះបានបញ្ជាក់បន្ថែមពីចំណងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ក៏ដូចជាបានពង្រឹងស្មារតីសាមគ្គីភាពរវាងសមាជិកសភាអាមេរិក និងគណៈប្រតិភូកម្ពុជាឱ្យកាន់តែស្អិតរមួត។
ដើម្បីបង្ហាញពីមនោសញ្ចេតនាគោរពស្រឡាញ់ ថ្លែងអំណរគុណ និងការនឹករលឹក លោកឧបនាយករដ្ឋមន្ត្រី បាននាំយកវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃ ដែលជានិមិត្តរូបនៃវប្បធម៌ខ្មែរ គឺសម្លៀកបំពាក់ប្រពៃណីច្នៃពី «សំពត់ហូលខ្មែរ» ទៅជូនលោកស្រី Beth Van Duyne និងលោកបណ្ឌិត Richard McCormick។ សំពត់ហូលខ្មែរ មិនត្រឹមតែជាសិល្បៈតម្បាញដ៏ចំណានប៉ុណ្ណោះទេ តែជាបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ដែលត្បាញដោយដៃពីសរសៃសូត្រសុទ្ធ និងជ្រលក់ពណ៌ដោយធម្មជាតិ ១០០% ប្រកបដោយភាពល្អិតល្អន់ និងជំនាញខ្ពស់។ រាល់ក្បាច់ក្បូរលើសំពត់ហូលនេះ បង្កប់នូវព្រលឹងអត្តសញ្ញាណជាតិ និងភាពច្នៃប្រឌិតរបស់ខ្មែរតាំងពីបុរាណកាល។ លោកឧបនាយករដ្ឋមន្ត្រី សង្ឃឹមថាវត្ថុអនុស្សាវរីយ៍នេះ នឹងជួយចែករំលែកភាពស្រស់ស្អាត និងរុងរឿងនៃវប្បធម៌ខ្មែរ ក៏ដូចជាពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរឱ្យកាន់តែរឹងមាំ។
គួររំលឹកផងដែរថា លោកស្រី Beth Van Duyne ធ្លាប់បានដឹកនាំគណៈប្រតិភូសភាសហរដ្ឋអាមេរិក មកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីចុងខែសីហា។ ក្នុងឱកាសនោះ លោកស្រីបានជួបសម្តែងការគួរសមជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងបានកោតសរសើរយ៉ាងខ្លាំងចំពោះកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងអត្រាអតិផរណាទាបរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ លោកស្រី និងគណៈប្រតិភូ ក៏បានចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលត្រូវបានផ្លាស់ទីលំនៅទៅមជ្ឈមណ្ឌលសន្តិសុខ ក្នុងស្រុកគូលែន ខេត្តព្រះវិហារទៀតផង។

administrator

Related Articles