ក្រសួងព័ត៌មានបានប្រកាសកាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល៣ថ្ងៃ កន្លងទៅ ខេត្តសៀមរាបដ៏ស្រស់ស្អាត បានទាក់ទាញភ្ញៀវទេសចរសរុបជាង ៣៦ម៉ឺននាក់ ពោលគឺចំនួន ៣៦៨,២៤៦នាក់។ ក្នុងនោះ ភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តមានរហូតដល់ទៅ ៣៥៨,៦០០នាក់ ខណៈភ្ញៀវបរទេសមានចំនួន ៩,៦៤៦នាក់។

ដើម្បីបង្កើតបរិយាកាសរីករាយ និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំកម្មវិធីយ៉ាងសម្បូរបែបជាច្រើន នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្ដោយដងស្ទឹងសៀមរាប ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិសេសជាងនេះទៅទៀត កម្មវិធីជិះទូកកម្សាន្ត និងផ្សារទឹក នៅដងស្ទឹងសៀមរាប នឹងបន្តដំណើរការរហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីបម្រើដល់បងប្អូន និងភ្ញៀវទេសចរ។





