តម្លៃអង្ករនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីកំពុងបន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់ ខណៈដែលប្រទេសឥណ្ឌាជាមហាអំណាចផលិតអង្ករបានបង្កើនទិន្នផលប្រមូលផលស្រូវយ៉ាងសម្បូរបែប និងកំពុងផ្គត់ផ្គង់អង្ករយ៉ាងគំហុកទៅកាន់ទីផ្សារពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី៦ ខែវិច្ឆិកា។ បច្ចុប្បន្ន ឥណ្ឌាកំពុងក្លាយជាប្រទេសនាំចេញអង្ករដ៏ធំមួយលើពិភពលោក។

ការកើនឡើងទិន្នផលអង្ករយ៉ាងគំហុកនៅក្នុងប្រទេសឥណ្ឌាបានជំរុញឱ្យតម្លៃស្រូវនិងអង្ករនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីធ្លាក់ចុះយ៉ាងគំហុក ដោយគិតត្រឹមខែវិច្ឆិកានេះ គឺបានធ្លាក់ដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។ លោក Nitin Gupta អនុប្រធានក្រុមហ៊ុនលក់អង្ករ Olam Agri India បានថ្លែងថា ថ្មីៗនេះ ប្រទេសជាច្រើននៅតំបន់អាហ្វ្រិកខាងលិចកំពុងសម្រុកនាំចូលអង្ករយ៉ាងច្រើនសម្រាប់ស្តុកទុកប្រើប្រាស់ក្នុងរយៈពេល ៣-៥ខែទៅមុខទៀត ដែលក្នុងនោះប្រទេសឥណ្ឌាគឺជាអ្នកផ្គត់ផ្គង់អង្ករដ៏សំខាន់បំផុត។
ប្រភព៖ The Strait Time
