សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញអនាម័យជនបទ! កម្ពុជាត្រៀមសម្រេចគោលដៅ ១០០% នៅឆ្នាំ២០៣០

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញអនាម័យជនបទ! កម្ពុជាត្រៀមសម្រេចគោលដៅ ១០០% នៅឆ្នាំ២០៣០

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា ជា «ទិវាជាតិលើកកម្ពស់អនាម័យជនបទ» ដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងពីសារៈសំខាន់នៃអនាម័យជនបទ ឆ្ពោះទៅសម្រេចគោលដៅទឹកស្អាត និងអនាម័យ ១០០% នៅឆ្នាំ២០៣០។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ពីការងារអាទិភាពនេះ តាមរយៈសារលិខិតក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៦ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក៏បានបញ្ជាក់ច្បាស់លាស់ពីការបន្តជំរុញការអភិវឌ្ឍជនបទ ដោយផ្តោតលើការកែលម្អលក្ខខណ្ឌរស់នៅ និងពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឲ្យបានពេញលេញនាឆ្នាំ២០៣០។
រូបភាពអនាម័យជនបទ

សម្តេចធិបតី បានមានប្រសាសន៍ដោយមោទនភាពថា អត្រាទទួលបានសេវាអនាម័យជនបទមានការកើនឡើងគួរឱ្យកត់សម្គាល់។ រហូតមកដល់បច្ចុប្បន្ន គ្រប់រាជធានី-ខេត្តទាំង២៥ បានសម្រេចការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដោយក្នុងនោះមានភូមិ ១៤,៥៧៦ ឃុំ/សង្កាត់ ១,៦៥២ ស្រុក ១៦៣ ក្រុង ៣៣ និងខណ្ឌ ១៤។ នេះគឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កម្ពុជា។ អត្រាគ្របដណ្តប់អនាម័យជនបទបានកើនពី ៩០% ក្នុងឆ្នាំ២០២៤ ដល់ ៩៥% នៅឆ្នាំ២០២៥ នេះ ហើយនឹងត្រូវសម្រេចឲ្យបាន ១០០% នៅឆ្នាំ២០៣០។

សមិទ្ធផលដ៏ត្រចះត្រចង់ទាំងនេះ បញ្ជាក់យ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាពនានា។ លទ្ធផលនេះក៏ឆ្លុះបញ្ចាំងពីការកើនឡើងនៃការយល់ដឹង និងការអនុវត្តអនាម័យល្អរបស់ប្រជាជនផងដែរ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចធិបតី ក៏បានថ្លែងកោតសរសើរ វាយតម្លៃខ្ពស់ និងអរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំអស់ពីកម្លាំងកាយចិត្ត។ សម្តេចក៏បានជំរុញ និងលើកទឹកចិត្តឲ្យគ្រប់ភាគីបន្តសហការ និងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីសម្រេចបាននូវគោលដៅអនាម័យជនបទកាន់តែប្រសើរឡើង ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល៕

ដោយ ៖ សិលា

administrator

Related Articles