ថៃ​ច្រានចោល​សម្ពាធ​អាមេរិក​លើ​ការ​ដោះលែង​ទាហាន​ខ្មែរ​១៨​នាក់ នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា

ថៃ​ច្រានចោល​សម្ពាធ​អាមេរិក​លើ​ការ​ដោះលែង​ទាហាន​ខ្មែរ​១៨​នាក់ នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា

រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Puangketkeow បានចេញមុខ​បញ្ជាក់​យ៉ាង​ច្បាស់​ថា គម្រោង​ដោះលែង​ទាហាន​កម្ពុជា​ចំនួន ១៨នាក់ ដែល​កំពុង​ឃុំខ្លួន​នៅក្នុង​ប្រទេស​ថៃ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា​ខាងមុខនេះ ដោយ​ពុំមាន​ការ​ស្ថិតនៅក្រោម​សម្ពាធ​ពី​បរទេស​ណាមួយ​ឡើយ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Khaosod។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​ដនមឿង ក្នុង​ទីក្រុង​បាងកក កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៧ ខែវិច្ឆកា លោក Sihasak បាន​លើកឡើង​ថា ការ​ដោះលែង​នេះ​នឹង​បន្ត​ទៅ​តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់​ដោយ​អាជ្ញាធរ​ថៃ។ លក្ខខណ្ឌ​ទាំងនោះ​រួមមាន ការ​ដក​អាវុធ​ធុន​ធ្ងន់ និង​ការអនុញ្ញាត​ឲ្យ​ភាគី​ថៃ​ចូលទៅកាន់​តំបន់​បោសសម្អាត​មីន​នៅតាម​ព្រំដែន។

លោក​រដ្ឋមន្ត្រី​ថៃ​រូបនេះ បាន​សង្កត់ធ្ងន់​ថា ការសម្រេចចិត្ត​នេះ​ធ្វើឡើង​យ៉ាង​តឹងរ៉ឹង​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ទ្វេភាគី ហើយ​ពុំមាន​សម្ពាធ​ពី​នរណាម្នាក់​ឡើយ។ លោក Sihasak បាន​បញ្ជាក់​ថា «ពុំមាន​ការផ្លាស់ប្តូរ ឬ​ឥទ្ធិពល​ខាងក្រៅ​ពាក់ព័ន្ធ​ឡើយ» ដោយ​ច្រានចោល​របាយការណ៍​ដែល​ថា ការ​ដោះលែង​នេះ​អាច​ជាប់ទាក់ទង​នឹង​បញ្ហា​ពាណិជ្ជកម្ម ឬ​សម្ពាធ​ពន្ធ​របស់​សហរដ្ឋអាមេរិក។

ជម្លោះ​កម្ពុជា-ថៃ បាន​ផ្ទុះឡើង​ទៅជា​ជម្លោះប្រដាប់អាវុធ​បើកចំហ​កាលពី​ខែកក្កដា ឆ្នាំ​២០២៥ (តាម​ព័ត៌មាន​ដើម) ដែលជា​ការប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​បំផុត​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លងមក។ បទ​ឈប់​បាញ់​មួយ​ត្រូវ​បាន​ឯកភាព​គ្នា​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ដែល​រួមបញ្ចូល​ទាំង​ផែនការ​សម្រាប់​ការ​បន្ធូរបន្ថយ​យោធា​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ក្រុម​សង្កេតការណ៍​អាស៊ាន (AOT)។

ទោះជាយ៉ាងណាក៏ដោយ បទ​ឈប់​បាញ់​នៅតែ​មាន​ភាព​ផុយស្រួយ ដោយ​ភាគី​ថៃ​នៅតែ​បន្ត​រំលោភបំពាន និង​បាន​ចាប់ខ្លួន​ទាហាន​ខ្មែរ​ដោយ​ខុសច្បាប់។

កន្លងមក ប្រទេស​ថៃ​បាន​អះអាង​ថា ការ​ឃុំខ្លួន​ទាហាន​កម្ពុជា ដែល​ខ្លួន​ហៅថា​ជា​អ្នកទោសសង្គ្រាម គឺ​អនុវត្ត​តាម​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ទី​បី ដែល​ចែងថា អ្នកទោសសង្គ្រាម​ត្រូវតែ​ដោះលែង និង​ធ្វើ​មាតុភូមិនិវត្តន៍ «ដោយ​គ្មាន​ការពន្យារពេល​បន្ទាប់ពី​ការបញ្ចប់​នៃ​អរិភាព​សកម្ម»។ យ៉ាងណា យោធា​ថៃ​បាន​អះអាង​ថា ជម្លោះ​ពុំទាន់​បញ្ចប់​ទេ បើទោះបីជា​មាន​ការ​ព្រមព្រៀង​បទ​ឈប់​បាញ់ និង​ការប្រកាស​រួម​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ក្រោម​វត្តមាន​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ក៏ដោយ។

ភាគី​កម្ពុជា​បាន​ជំរុញ​ឲ្យ​មានការ​ដោះលែង​ទាហាន​របស់​ខ្លួន​ជាបន្ទាន់ ដោយ​លើកហេតុផល​ថា ការ​បន្ត​ឃុំខ្លួន​នេះ​គឺជា​ការរំលោភ​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ ជាពិសេស​ចាប់តាំងពី​បទ​ឈប់​បាញ់​ត្រូវ​បាន​បង្កើតឡើង។ បើតាម​របាយការណ៍ មាន​តែ​ទាហាន​កម្ពុជា ២​រូប​ប៉ុណ្ណោះ ដែល​ត្រូវ​ភាគី​ថៃ​ដោះលែង​កាលពី​ថ្ងៃ​ទី​១ ខែសីហា ក្នុងចំណោម​ទាហាន ២០​រូប​ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន។

administrator

Related Articles