ខេត្តបាត់ដំបង៖ រលកភ្ញៀវទេសចរជាង ១២ម៉ឺននាក់ បានសម្រុកមកកម្សាន្ត និងស្នាក់នៅក្នុងខេត្តបាត់ដំបង យ៉ាងគំហុកក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើតាមការអះអាងពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានថ្លែងបញ្ជាក់ថា ចំនួនភ្ញៀវទេសចរសរុបដែលបានមកលេងកម្សាន្តនៅខេត្តបាត់ដំបងក្នុងឱកាសបុណ្យអុំទូកនេះ មានរហូតដល់ ១២៣,៩៥៥ នាក់ ដែលបង្ហាញពីកំណើនគួរឲ្យកត់សម្គាល់ ១២.១៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានភ្ញៀវត្រឹមជាង ១១ម៉ឺននាក់ប៉ុណ្ណោះ។


លោកបានបន្តថា ក្នុងចំណោមភ្ញៀវទេសចរជាង ១២ម៉ឺននាក់កាលពីឆ្នាំនេះ ភ្ញៀវជាតិមានចំនួន ១២៣,០៨០ នាក់ កើនឡើង ១២.២២% បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ១០៩,៦៧៧ នាក់។ ចំណែកឯភ្ញៀវអន្តរជាតិវិញ មានចំនួន ៨៧៥ នាក់ កើនឡើង ៧.៧៦% បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ៨១២ នាក់។


តាមមន្ទីរទេសចរណ៍ខេត្ត ភ្ញៀវទេសចរទាំងអស់បានរីករាយនឹងការដើរកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្ត ចូលរួមកម្មវិធីដាល់អំបុកតាមទីវត្តអារាម និងជាពិសេសគឺការជួបជុំកកកុញនៅកណ្តាលក្រុងបាត់ដំបង តាមបណ្តោយផ្លូវលេខ២ ដែលមានរៀបចំមហោស្រពសិល្បៈ “ទីក្រុងស្អាត ២០២៥” រៀបចំដោយអង្គការហ្វារពន្លឺសិល្បៈ និងរដ្ឋបាលខេត្តបាត់ដំបង។ ព្រឹត្តិការណ៍ទាំងនេះបានរួមចំណែកយ៉ាងធំធេងដល់ភាពទាក់ទាញនៃខេត្តបាត់ដំបងក្នុងរដូវកាលបុណ្យអុំទូកនេះ៕



