៨ ចំណុចគន្លឹះ! សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញការងារអនាម័យជនបទ ក្នុងទិវាជាតិលើកទី១៦

៨ ចំណុចគន្លឹះ! សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញការងារអនាម័យជនបទ ក្នុងទិវាជាតិលើកទី១៦

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាបើក និងផ្តល់អនុសាសន៍សំខាន់ៗចំនួន ៨ ចំណុច ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៦។ គោលបំណងគឺដើម្បីបន្តជំរុញការងារអនាម័យ និងការផ្គត់ផ្គង់ទឹកស្អាតនៅតាមជនបទឱ្យកាន់តែប្រសើរឡើង។

អនាម័យជនបទ

ក្នុងចំណោមអនុសាសន៍គន្លឹះទាំង ៨ ចំណុចនោះ រួមមាន៖

ទី១- ពង្រឹងយន្តការសម្របសម្រួល និងសហប្រតិបត្តិការរវាងក្រុមការងារបច្ចេកទេស ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។
ទី២- ជំរុញក្រសួង ស្ថាប័នពាក់ព័ន្ធ និងគ្រប់ភាគីទាំងអស់ ឱ្យបន្តចូលរួមសហការយ៉ាងជិតស្និទ្ធ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរាជរដ្ឋាភិបាលនីតិកាលទី៧។
ទី៣- ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីធ្វើបច្ចុប្បន្នភាពគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពវិស័យនេះ សម្រាប់ជាផែនទីបង្ហាញផ្លូវ។
ទី៤- បន្តស្វែងរកការគាំទ្រ និងកៀរគរធនធានពីដៃគូអភិវឌ្ឍ វិស័យឯកជន និងសប្បុរសជននានា។
ទី៥- ពង្រឹងយន្តការគ្រប់គ្រងទិន្នន័យអត្រាគ្របដណ្តប់អនាម័យជនបទ ឱ្យកាន់តែច្បាស់លាស់ និងគួរឱ្យទុកចិត្ត ដើម្បីតាមដាន និងវាយតម្លៃវឌ្ឍនភាព។
ទី៦- ស្វែងរកបច្ចេកវិទ្យាថ្មីៗដែលសមស្រប និងធន់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការគ្រប់គ្រងកាកសំណល់លាមកប្រកបដោយសុវត្ថិភាព និងចីរភាព។
ទី៧- លើកទឹកចិត្ត និងគាំទ្រដល់មូលដ្ឋានដែលសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ដើម្បីរក្សានិរន្តរភាព និងឈានទៅកម្រិតខ្ពស់។
ទី៨- បន្តយកចិត្តទុកដាក់បន្ថែមចំពោះក្រុមងាយរងគ្រោះ ដូចជា គ្រួសារក្រីក្រ ជនជាតិដើមភាគតិច ស្ត្រីមេម៉ាយ ជនមានពិការភាព និងអ្នករស់នៅតំបន់ប្រឈម ដើម្បីធានាថាពួកគាត់ទទួលបានសេវាអនាម័យកាន់តែប្រសើរ។

ដោយ ៖ សិលា

administrator

Related Articles