រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥ ប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជា បានទាក់ទាញភ្ញៀវទេសចរបរទេសរហូតដល់ទៅចំនួន១៧១សញ្ជាតិ មានចំនួនសរុបប្រមាណ ៧៦៥.៥១៨នាក់ ដោយរកបានចំណូលសរុបប្រមាណ៣៥,៥៧លានដុល្លារអាមេរិក។

ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំងនោះ គេសង្កេតឃើញថា ភាគច្រើនមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង ចិន និងប្រជាពលរដ្ឋមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ានជាដើម។ ការកើនឡើងនៃចំនួនភ្ញៀវទេសចរនេះ បានបង្ហាញយ៉ាងច្បាស់ពីភាពទាក់ទាញមិនចេះរីងស្ងួតនៃប្រាសាទអង្គរវត្ត ដែលជាបេះដូងវប្បធម៌ និងប្រវត្តិសាស្ត្ររបស់កម្ពុជា។

ប្រាសាទអង្គរវត្ត គឺជានិមិត្តរូបដ៏បវរនៃតំបន់អង្គរទាំងមូល ដែលមានប្រាសាទបុរាណប្រមាណជា ៩១ នៅក្នុងទីបុរាណដ្ឋានអង្គរ។ តំបន់នេះត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ជាមោទកភាពជាតិខ្មែរ។

ជាប្រាសាទមួយដ៏សំខាន់បំផុតនៅកម្ពុជា ប្រាសាទអង្គរវត្តក៏ជាបូជនីយដ្ឋានសាសនាដ៏ធំបំផុតនៅក្នុងពិភពលោកផងដែរ ដោយលាតសន្ធឹងលើផ្ទៃដីទំហំ ១៦២,៦ហិកតា។ ប្រាសាទដ៏មហិមានេះ ត្រូវបានកសាងឡើងដំបូងជាប្រាសាទហិណ្ឌូ សម្រាប់ឧទ្ទិសដល់ព្រះវិស្ណុនៃចក្រភពខ្មែរ ហើយក្រោយមកនៅចុងសតវត្សទី១២ ក៏បានប្រែក្លាយទៅជាប្រាសាទពុទ្ធសាសនាវិញ។

