រថយន្តធុនត្រាដ៏ប្រណិតមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់ព្រះចៅអធិការវត្តអូរដា ត្រូវបានអណ្តាតភ្លើងឆាបឆេះលេបត្របាក់អស់ទាំងស្រុងនៅក្នុងបរិវេណវត្ត។ ទោះជាយ៉ាងណា ព្រះចៅអធិការ និងកូនសិស្សបានបង្ហាញពីភាពក្លាហាន ដោយបានប្រឹងប្រែងគាស់គូទរថយន្តដើម្បីជួយសង្គ្រោះវ៉ាលិសមួយ ដែលគេសង្ស័យថាមានផ្ទុករបស់មានតម្លៃនៅខាងក្នុងបានទាន់ពេល។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោង ៩ ព្រឹក នៅចំណុចវត្តអូរដា ស្ថិតក្នុងភូមិអូរគគី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។ រថយន្តដែលត្រូវអគ្គិភ័យលេបត្របាក់នោះគឺ ម៉ាកធុនត្រា ពាក់ស្លាកលេខ ភ្នំពេញ 2AP 9957 ដែលជាកម្មសិទ្ធិរបស់ព្រះតេជគុណ ជុំ ប៊ុនណាត ព្រះចៅអធិការវត្តផ្ទាល់ ដែលមានព្រះជន្ម ៣៥ ព្រះវស្សា។

តាមការពិនិត្យជាក់ស្តែងរបស់សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ការឆាបឆេះរថយន្តនេះ បានបណ្តាលឲ្យបាត់បង់អត្តសញ្ញាណប័ណ្ណ ឯកសាររថយន្តមួយច្បាប់ និងប្រាក់ប្រហែល ៥០០ ដុល្លារអាមេរិក។ ចំពោះមូលហេតុនៃអគ្គិភ័យ ត្រូវបានសន្និដ្ឋានថា កើតឡើងដោយសារឆ្លងចរន្តអគ្គិសនីប្រព័ន្ធភ្លើងរថយន្ត។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចស្រុកបានចេញរថយន្តពន្លត់អគ្គិភ័យ ១ គ្រឿងទៅអន្តរាគមន៍ ប៉ុន្តែជាអកុសល អណ្ដាតភ្លើងបានឆាបឆេះលឿនពេក រហូតលេបត្របាក់រថយន្តទាំងមូលខ្ទេចគ្មានសល់។

ប្រភពពីអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកបានរៀបរាប់ថា នៅពេលអណ្ដាតភ្លើងចាប់ផ្ដើមឆាបឆេះពីផ្នែកខាងមុខរថយន្ត ព្រះចៅអធិការវត្ត រួមជាមួយនឹងកូនសិស្សមួយអង្គ/នាក់ បានប្រញាប់ប្រញាល់ប្រើប្រាស់ដែក និងត្រសេះគាស់គូទរថយន្ត ដើម្បីទាញយកវ៉ាលិសមួយដែលគេសង្ស័យថាជារបស់មានតម្លៃចេញ។ បន្ទាប់មក ព្រះអង្គក៏បាននិមន្តយ៉ាងលឿនចូលទៅក្នុងកុដិបាត់ ដោយទុកឲ្យតួរថយន្តទាំងមូលត្រូវបានហ៊ុមព័ទ្ធដោយអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ រហូតក្លាយជាផេះផង់។

