សៀមរាបត្រៀមមហាព្រឹត្តិការណ៍បុណ្យអុំទូកឆ្នាំ២០២៥! ភ្ញៀវទេសចរហក់ឡើង កម្មវិធីសប្បាយៗរាប់មិនអស់!

សៀមរាបត្រៀមមហាព្រឹត្តិការណ៍បុណ្យអុំទូកឆ្នាំ២០២៥! ភ្ញៀវទេសចរហក់ឡើង កម្មវិធីសប្បាយៗរាប់មិនអស់!

រាជធានី​ភ្នំពេញ ៖ ក្នុងឱកាសបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ ថ្ងៃ កន្លងទៅ ខេត្តសៀមរាបបានទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងច្រើនកុះករ សរុបប្រមាណ ៣៦៨,២៤៦ នាក់ ដែលជាការកើនឡើង ៥.៧៥% បើធៀបនឹងឆ្នាំ២០២៤។

ជាក់ស្ដែង ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបមានចំនួនប្រមាណ ៣៥៨,៦០០ នាក់ កើនឡើង ៧.០៤% ខណៈទេសចរបរទេសមានចំនួន ៩,៦៤៦ នាក់ ប៉ុន្តែមានការថយចុះ ២៧.០៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។

ដើម្បីបង្កបរិយាកាសរីករាយ និងរួមចំណែកលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋាន រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំកម្មវិធីកម្សាន្តជាច្រើន។ ទាំងនោះរួមមាន៖ កម្មវិធីជិះទូកកម្សាន្ត កម្មវិធីប្រណាំងទូកមិត្តភាព «សៀមរាបផ្ទះខ្ញុំ» កម្មវិធីប្រគុំតន្ត្រីស្គរដៃ កម្មវិធីតាំងពិព័រណ៍មុខម្ហូប និងផលិតផល កម្មវិធីប្រដាល់គុនខ្មែរ ល្ខោនបាសាក់ និងកម្មវិធីសប្បាយៗជាច្រើនទៀត។

ព្រឹត្តិការណ៍ទាំងនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសួនច្បារព្រះរាជដំណាក់ និងតាមបណ្តោយដងស្ទឹងសៀមរាប។

ពិសេសជាងនេះទៀត តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត កម្មវិធីជិះទូកកម្សាន្ត និងកម្មវិធីផ្សារទឹកនៅដងស្ទឹងសៀមរាប នឹងបន្តរហូតដល់ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះជាឱកាសដ៏ល្អសម្រាប់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ បានជួបជុំគ្នា រីករាយ និងគាំទ្រសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តសៀមរាប។

administrator

Related Articles