ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អប្រសើរ នៅទូទាំងប្រទេស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

ពិធីបុណ្យអុំទូកឆ្នាំនេះ បានប្រព្រឹត្តទៅដោយរលូន និងពោរពេញដោយភាពសប្បាយរីករាយ ដោយមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានធ្វើដំណើរទៅកម្សាន្តនៅតាមបណ្តារមណីយដ្ឋាននានា ទូទាំងប្រទេស។
ជាមួយគ្នានេះ តាមបណ្តាតំបន់មួយចំនួន ក្នុងរាជធានី-ខេត្ត ក៏មានរៀបចំពិធីប្រណាំងទូកផងដែរ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយបរិយាកាសរីករាយ និងភាពអធិកអធមនៃព្រះរាជពិធីបុណ្យជាតិដ៏ធំនេះ។
៕
