ចិនបានបង្ហាញពីភាពល្អូកល្អិនជាមួយគណបក្សភឿថៃ (Pheu Thai) ដែលត្រូវបានគេស្គាល់ថា បង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារដោយសារករណីសូកប៉ាន់។ ការណ៍នេះកើតឡើងបន្ទាប់ពីគណបក្សនេះបានជ្រើសរើសមេដឹកនាំថ្មី និងបង្ហាញពីគោលនយោបាយសេរីនិយម។
ឯកអគ្គរដ្ឋទូតចិន លោក Chang Chianwei (ឆ្វេង) បានជួបជាមួយមេដឹកនាំថ្មីនៃគណបក្សភឿថៃ លោក Chulphan Amrawiwat។
ផ្អែកតាមការបង្ហោះសាររបស់ស្ថានទូតចិនប្រចាំទីក្រុងបាងកក ឯកអគ្គរដ្ឋទូតចិន លោក Chang Chianwei បានជួបជាមួយមេដឹកនាំថ្មីនៃគណបក្សភឿថៃ រួមមាន លោក Chulphan Amrawiwat ប្រធានគណបក្សទើបជាប់ឆ្នោត លោក Chakrapong Saengmani អនុប្រធានគណបក្ស និងលោក Marit Sengiamphong អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងជាថ្នាក់ដឹកនាំនៃគណបក្សនេះ។ គណបក្សភឿថៃបានធ្វើសមាជគណបក្សកាលពីចុងខែតុលា ក្រោយការលាលែងតំណែងប្រធានបក្សរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា កាលពីថ្ងៃទី២០ ខែតុលា។

គណបក្សភឿថៃជាគណបក្សដ៏មានប្រជាប្រិយភាពក្នុងប្រទេសថៃ ដោយការឈ្នះឆ្នោតជាបន្តបន្ទាប់តាំងពីការរៀបចំការបោះឆ្នោតឡើងវិញក្រោយការគ្រប់គ្រងដោយរបបយោធាជាច្រើនឆ្នាំ។ ក្នុងការបោះឆ្នោតចុងក្រោយកាលពីឆ្នាំ២០២៣ គណបក្សភឿថៃក៏បានឈ្នះឆ្នោតលំដាប់លេខរៀងទី២ និងបានដឹកនាំរដ្ឋាភិបាលចម្រុះថៃ បន្ទាប់ពីតុលាការធម្មនុញ្ញសម្រេចព្យួរបេក្ខភាពរបស់លោក ភីថា លឹមចារើនរ៉ាត់ ប្រធានគណបក្សឆ្ពោះទៅមុខ (Move Forward Party) ដែលឈ្នះការបោះឆ្នោត ហើយក្រោយមកគណបក្សដ៏មានឥទ្ធិពលនោះក៏ត្រូវរំលាយដោយតុលាការធម្មនុញ្ញ។
ក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតចិន និងប្រធានគណបក្សភឿថៃថ្មី តាមការចេញផ្សាយរបស់ស្ថានទូតចិន ឯកអគ្គរដ្ឋទូតចិនបានបញ្ជាក់ជាថ្មីថា ប្រទេសចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយគណបក្សនយោបាយនានាក្នុងប្រទេសថៃ រួមទាំងគណបក្សភឿថៃ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនយោបាយរបស់ប្រជាជនចិន-ថៃ សម្រាប់អនាគតគ្នាទៅវិញទៅមក និងជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងចិន-ថៃ។
តាមការចេញផ្សាយនោះ មេដឹកនាំគណបក្សភឿថៃបានលើកឡើងថា ខ្លួនតែងតែផ្តល់អាទិភាពដល់ភាពជាដៃគូជាមួយគណបក្សប្រជាជនថៃ (People’s Party) ហើយក្រុមមេដឹកនាំថៃថ្មីនឹងពង្រឹងការផ្លាស់ប្តូររវាងគណបក្សទាំងពីរ។
គណបក្សប្រជាជនថៃដែលជាគណបក្សប្រឆាំងធំបំផុត ទើបបង្កើតឡើងក្រោយរំលាយគណបក្សឆ្ពោះទៅមុខ ហើយគណបក្សនេះក៏បានបោះឆ្នោតគាំទ្រលោក អានុទីន ឆានវីរៈគុល ឲ្យឡើងធ្វើជានាយករដ្ឋមន្ត្រីដឹកនាំរដ្ឋាភិបាលក្រោមកិច្ចសន្យារយៈពេលត្រឹម៤ខែប៉ុណ្ណោះ។
តាមការគ្រោងទុក រដ្ឋាភិបាលថៃបច្ចុប្បន្ននឹងមានអាយុដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ជាពេលដែលនាយករដ្ឋមន្ត្រីអានុទីន សន្យាប្រកាសរំលាយសភាដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោតឡើងវិញ។
រ៉ាន់ រើយ
