មណ្ឌលគិរី បិទ​បញ្ចប់​បុណ្យ​អុំទូក​ដ៏​អធិកអធម​ឆ្នាំ២០២៥ ស្រុក​កោះ​ញែក​ឈ្នះ​លេខ១​ព្រឹត្តិការណ៍ «​សម្ល​ព្រូ​ង​បំពង់​ឫស្សី»

មណ្ឌលគិរី បិទ​បញ្ចប់​បុណ្យ​អុំទូក​ដ៏​អធិកអធម​ឆ្នាំ២០២៥ ស្រុក​កោះ​ញែក​ឈ្នះ​លេខ១​ព្រឹត្តិការណ៍ «​សម្ល​ព្រូ​ង​បំពង់​ឫស្សី»

ខេត្តមណ្ឌលគិរី ៖ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ខេត្តមណ្ឌលគិរី សម្រាប់​ឆ្នាំ​២០២៥ ដែល​បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៦ ខែវិច្ឆិកា នៅ​បរិវេណ​សួន​ដំរី​ដែក ក្នុង​ក្រុង​សែន​មនោ​រម្យ បាន​បិទ​បញ្ចប់​យ៉ាង​ជោគជ័យ​ក្រោម​បរិយាកាស​អ៊ូអរ និង​សប្បាយ​រីករាយ​ក្រៃលែង​។

ពិធី​បិទ​ដ៏​អធិកអធម​នេះ ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ម៉ែ​ន ង៉ុ​យ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី ព្រមទាំង​លោក​ជំទាវ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​យ៉ាងច្រើន​កុះករ​។

ក្នុង​ឱកាស​បិទ​នេះ គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ក៏​បាន​ប្រកាស​លទ្ធផល​នៃ​ព្រឹត្តិការណ៍ «​សម្ល​ព្រូ​ង​បំពង់​ឫស្សី​» លើក​ទី​១ ដែល​ជា​ការ​តាំង​បង្ហាញ និង​ប្រកួតប្រជែង​ម្ហូបអាហារ​ជនជាតិ​ដើម​ភាគតិច​ផង​ដែរ​។ ជា​លទ្ធផល រដ្ឋបាល​ស្រុក​កោះ​ញែក​បាន​គ្រង​តំណែង​ជ័យ​លា​ភី​លេខ​១ ចំណែក​ជ័យ​លា​ភី​លេខ​២​ស្ទួន​បាន​ទៅ​លើ​រដ្ឋបាល​ស្រុក​កែវ​សីមា និង​ស្រុក​ពេ​ជ្រា​ដា​។

ថ្លែង​សុន្ទរកថា​បិទ​កម្មវិធី ឯកឧត្តម ថង សា​វុន អភិបាលខេត្ត​បាន​គូសបញ្ជាក់​ពី​ទិស​ដៅ​សំខាន់​ៗ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​ខេត្ត​ឆ្ពោះទៅ​រក​គោលដៅ «​ទេសចរណ៍​ម្ហូបអាហារ​» តាម​រយៈ​ការ​បង្កើន​គុណភាព និង​អត្តសញ្ញាណ​អាហារ​ប្រចាំ​តំបន់​។

ឯកឧត្តម​បាន​ជំរុញ​ដល់​អាជីវករ និង​អ្នក​រកស៊ី​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​ទាំងអស់ ឲ្យ​យកចិត្តទុកដាក់​បង្កើន​គុណភាព​ផលិតផល និង​រសជាតិ​អាហារ ជា​ពិសេស​ការ​បង្កើត​ឲ្យ​មាន​ភោជនីយដ្ឋាន​អាហារ​ជនជាតិ​ដើម​ភាគតិច ដែល​ផ្តោត​លើ​ម្ហូប​ប្រពៃណី​ក្នុង​ខេត្ត​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ឲ្យ​សហការ​គ្នា​យ៉ាង​សកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ម្ហូប​ប្រចាំ​តំបន់ និង​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​កម្សាន្ត​សប្បាយ​ៗ (​រួម​ទាំង​ពិធី​បណ្ដែតប្រទីប និង​បាញ់​កាំជ្រួច​) បន្ថែម​ទៀត​ជា​ប្រចាំ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​។ ការ​សាមគ្គីភាព និង​កិច្ចសហការ​រវាង​គ្រប់​ភាគី​គឺជា​គន្លឹះ​សំខាន់ ដើម្បី​រួម​គ្នា​ធ្វើ​ឲ្យ​ខេត្តមណ្ឌលគិរី​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង​ភាព​ល្បីល្បាញ​។

លោក ស៊ា​ង សឿ​ន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ដែល​បាន​ចូលរួម​ដើរ​លេង​កម្សាន្ត​ក្នុង​ពិធីបុណ្យ​អុំទូក​ទាំង​បី​ថ្ងៃ មាន​ចំនួន​សរុប​៧៣,៦៨៩​នាក់ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៤៤៦​នាក់​។

តួលេខ​នេះ​គឺ​មានការ​កើនឡើង​ជាង ២០,០០០​នាក់ បើ​ធៀប​ទៅ​នឹង​ចំនួន​ភ្ញៀវ​ទេសចរ​សរុប ៥២,៧៩៣​នាក់ ដែល​បាន​ចូលរួម​កាលពី​ឆ្នាំ​២០២៤​។ កំណើន​ភ្ញៀវ​ក្នុង​ឆ្នាំ​២០២៥ នេះ​គឺជា​តួលេខ​ដ៏​ច្រើន​បំផុត​មិន​ធ្លាប់​មាន​នា​ពេល​កន្លង​មក​សម្រាប់​ពិធីបុណ្យ​អុំទូក​នៅ​ខេត្តមណ្ឌលគិរី​។

ជោគជ័យ​ដ៏​ត្រចះត្រចង់​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​លទ្ធផល​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​ខេត្ត និង​កិច្ច​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ក្នុង​ការ​ប្រែក្លាយ​ខេត្ត «​ឋានសួគ៌​បៃតង​» នេះ​ឲ្យ​ក្លាយជា​ទិស​ដៅ​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​៕
















administrator

Related Articles