កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែវិច្ឆិកា រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pal Jonson បានប្រកាសថា ស៊ុយអែត និងអ៊ុយក្រែន បានចុះហត្ថលេខាលើលិខិតបង្ហាញចេតនារួចហើយ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការច្នៃប្រឌិតយុទ្ធោបករណ៍ការពារជាតិ រួមទាំងការបង្កើតមជ្ឈមណ្ឌលរួមគ្នាមួយនៅអ៊ុយក្រែនផងដែរ។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអ៊ុយក្រែន លោក Denys Shmyhal នៅទីក្រុងស្តុកខុម លោក Jonson បានបញ្ជាក់ពីការប្តេជ្ញាចិត្តនេះ ដោយថ្លែងថា «យើងនឹងបង្កើតមជ្ឈមណ្ឌលរួមគ្នាមួយនៅអ៊ុយក្រែន ដែលបុគ្គលិកស៊ុយអែតនឹងចូលរួមអភិវឌ្ឍន៍ឧបករណ៍ការពារជាតិថ្មីៗ»។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី Shmyhal បានអំពាវនាវដល់ស៊ុយអែត ឱ្យចាប់ផ្តើមបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែនឱ្យបានឆាប់បំផុត លើយន្តហោះចម្បាំង Gripen របស់ស៊ុយអែត។ លោកបានបន្ថែមថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនបុគ្គលិករបស់ខ្លួនទៅកាន់ប្រទេសស៊ុយអែតភ្លាមៗដើម្បីទទួលការបណ្តុះបណ្តាល។
គួររំលឹកផងដែរថា កាលពីខែតុលា ស៊ុយអែតក៏បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេលវែងមួយជាមួយអ៊ុយក្រែនលើវិស័យការពារដែនអាកាស ដែលអាចនឹងឈានដល់ការនាំចេញយន្តហោះចម្បាំងជំនាន់ទី៤។ នេះនឹងក្លាយជាការបញ្ជាទិញយន្តហោះដ៏ធំបំផុតមួយសម្រាប់ស៊ុយអែត ប្រសិនបើការបញ្ជាទិញនេះកើតឡើង។
