ភ្នំពេញ ៖ ក្នុងខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចុះបញ្ជីគម្រោងវិនិយោគថ្មីសរុបចំនួន ២៩គម្រោង ដែលមានទំហំទុនវិនិយោគប្រមាណ ១,៤ ពាន់លានដុល្លារអាម៉េរិក។ គម្រោងទាំងនេះត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងារថ្មីប្រមាណ ២៥,០០០ កន្លែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

ក្នុងចំណោមគម្រោងវិនិយោគសរុបទាំង ២៩ នេះ មាន ១៨ គម្រោងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ចំណែក ១១ គម្រោងទៀតស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។

គួរកត់សម្គាល់ថា សម្រាប់រយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៥៧៥ គម្រោង ដែលមានទំហំទុនវិនិយោគសរុបប្រមាណ ៩,២ ពាន់លានដុល្លារអាម៉េរិក។ តួលេខនេះបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ ដោយគម្រោងវិនិយោគបានកើនឡើង ២២៩ គម្រោង ស្មើនឹងប្រមាណ ៦៦% ខណៈទុនវិនិយោគកើនឡើងជិត ៣,៧ ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៦៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ក្នុងឆ្នាំ ២០២៤ មានគម្រោងវិនិយោគត្រឹមតែ ៣៤៦ គម្រោងប៉ុណ្ណោះ ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៥ ពាន់លានដុល្លារអាម៉េរិក។

ជាក់ស្តែង ត្រឹមតែរយៈពេល ១០ ខែប៉ុណ្ណោះ គ.វ.ក. បានចុះបញ្ជីគម្រោងវិនិយោគលើសពីចំនួនគម្រោងដែលបានចុះបញ្ជីពេញមួយឆ្នាំ ២០២៤ ទៅទៀត រហូតដល់ទៅ ១៦១ គម្រោង។ នេះសបញ្ជាក់ឱ្យឃើញពីភាពទាក់ទាញ និងទំនុកចិត្តរបស់វិនិយោគិនចំពោះសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា។ ដោយ ៖ សិលា
