ដំណឹងល្អ! តម្លៃស្រូវផ្ការំដួល និងផ្កាម្លិះនៅខេត្តបាត់ដំបង មានសន្ទុះល្អ កសិករញញឹមបិទមាត់មិនជិត

ដំណឹងល្អ! តម្លៃស្រូវផ្ការំដួល និងផ្កាម្លិះនៅខេត្តបាត់ដំបង មានសន្ទុះល្អ កសិករញញឹមបិទមាត់មិនជិត

ខេត្តបាត់ដំបង៖ ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញលទ្ធផលពីការចុះពិនិត្យជាក់ស្ដែងថា តម្លៃស្រូវផ្ការំដួល និងស្រូវផ្កាម្លិះ ដែលប្រជាកសិករកំពុងប្រមូលផល និងត្រៀមលក់ចេញ គឺមានភាពសមរម្យ និងអាចទទួលយកបាន ដែលធ្វើឲ្យកសិករមានទឹកមុខញញឹម។

លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ រួមជាមួយក្រុមការងារក្រសួងកសិកម្ម កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះសាកសួរ និងពិនិត្យដោយផ្ទាល់ពីស្ថានភាពប្រមូលផល និងការទិញ-លក់ស្រូវ នៅក្នុងស្រុកព្រះនេត្រព្រះ ស្រុកភ្នំស្រុក ស្រុកស្វាយចេក និងស្រុកមង្គលបូរី ដោយមានការសហការពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីកសិកម្មឃុំយ៉ាងសកម្ម។ តាមការចុះពិនិត្យនៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ តម្លៃស្រូវផ្ការំដួល និងផ្កាម្លិះ មានចន្លោះពី ៩៥០ ដល់ ១.០០០ រៀល/គីឡូក្រាម ទៅតាមគុណភាពស្រូវ។

រោងម៉ាស៊ីនកិនស្រូវ សាន់ ទី (SANN TY) នៅឃុំរហាល ស្រុកព្រះនេត្រព្រះ បានប្រកាសទទួលទិញប្រភេទស្រូវក្រអូប ដូចជាស្រូវផ្ការំដួល ក្នុងតម្លៃ ១.០៥០ រៀល/គីឡូក្រាម (តម្លៃដឹកដល់រោងម៉ាស៊ីនផ្ទាល់)។ រោងម៉ាស៊ីននេះមានលទ្ធភាពទទួលទិញ និងស្តុកស្រូវបានប្រហែល ១.០០០ តោន និងសម្ងួតស្រូវបាន ៥០-៥៧ តោន/ថ្ងៃ។ នៅឃុំសារង្គ ស្រុកស្វាយចេក ប្រជាកសិករទើបតែចាប់ផ្តើមប្រមូលផលស្រូវផ្ការំដួលនៅសប្តាហ៍នេះ ដោយមានតម្លៃចន្លោះ ៩៥០ ដល់ ១.០០០ រៀល/គីឡូក្រាម។ ចំណែកនៅឃុំពន្លៃ ស្រុកភ្នំស្រុក ស្រូវផ្ការំដួលនឹងចាប់ផ្តើមប្រមូលផលនៅសប្តាហ៍ក្រោយ ខណៈការប្រមូលផលស្រូវ OM បានបញ្ចប់រួចរាល់ហើយ។

សម្រាប់រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ (Siv Lay Rice Mill) ឃុំអូរប្រាសាទ ស្រុកមង្គលបូរី គឺទទួលទិញស្រូវផ្ការំដួលក្នុងតម្លៃ ១.០៦០ រៀល/គីឡូក្រាម ដែលមានលទ្ធភាពទិញចូលចំនួន ៦១០ តោន/ថ្ងៃ ហើយបានទិញស្រូវផ្ការំដួលបានចំនួន ៦.០០០ តោន រួចមកហើយ។ រីឯរោងម៉ាស៊ីនកិនស្រូវ ភាគ ឈួយ (Pheak Chhuoy Rice Mill) ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ក៏ទទួលទិញស្រូវផ្ការំដួលក្នុងតម្លៃ ១.០៦០ រៀល/គីឡូក្រាមដូចគ្នា ដោយមានលទ្ធភាពទិញចូលចំនួន ៣០០ តោន/ថ្ងៃ និងបានទិញស្រូវផ្ការំដួលបានចំនួន ១.០០០ តោន រួចមកហើយ។

ក្នុងឱកាសដ៏វិសេសនោះ លោកបណ្ឌិត កែ មុន្ធីវុធ ក៏បានបញ្ជាក់សាជាថ្មីថា តម្លៃស្រូវផ្ការំដួល និងស្រូវផ្កាម្លិះ ពិតជាស្ថិតនៅក្នុងកម្រិតសមរម្យដែលកសិករអាចទទួលយកបាន។ ប្រជាកសិករនៅតាមបណ្តាភូមិ/ឃុំនីមួយៗ បានសម្តែងនូវក្តីរីករាយយ៉ាងក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចាត់បញ្ជូនមន្រ្តីជំនាញចុះជួយសម្របសម្រួលលើតម្លៃស្រូវដ៏មានសារៈសំខាន់នេះ។ លើសពីនេះ ក្រុមការងារក៏បានធ្វើការណែនាំដល់ប្រជាកសិករអំពីបច្ចេកទេសនានាទាក់ទងនឹងផលិតកម្មដំណាំស្រូវ រួមទាំងវិធានភូតគាមអនាម័យក្នុងការនាំចេញស្រូវទៅកាន់ទីផ្សាបរទេស ដូចជា ការជ្រើសរើសពូជសុទ្ធល្អ រយៈពេលប្រមូលផលសមស្រប រោគសញ្ញានៃការបំផ្លាញពីជំងឺនិងសត្វល្អិត និងរបៀបប្រើប្រាស់ថ្នាំកសិកម្ម ដើម្បីកុំឱ្យលើសសំណល់ថ្នាំកសិកម្ម (MRLs) ដែលអាចប៉ះពាល់ដល់ការនាំចេញជាយថាហេតុ៕

administrator

Related Articles