ភ្នំពេញ៖ រថយន្តសាំយ៉ុងកែច្នៃមួយគ្រឿង ដែលមានសភាពខុសលក្ខណៈបច្ចេកទេស ដោយមានកង់ឌុប និងតកន្ទុយដឹកគ្រឿងសមុទ្រយ៉ាងគគ្រឹកគគ្រេង បានបើកបរក្នុងល្បឿនលឿនគេចម៉ូតូមួយគ្រឿង ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មប៉ើងខ្ទាតអស់៦កង់ រីឯរថយន្តរងការខូចខាតខ្ទេចមួយចំហៀងយ៉ាងដំណំ កាលពីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចភ្លើងស្តុបភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តសាំយ៉ុងពណ៌លឿងដែលផ្ទុកគ្រឿងសមុទ្រពេញ បានបើកបរក្នុងល្បឿនលឿនពីទិសខាងកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ក៏បានគេចពីម៉ូតូមួយគ្រឿងដែលកំពុងឆ្លងផ្លូវ បណ្ដាលឱ្យរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ប៉ើងខ្ទាតអស់៦កង់ រថយន្តខ្ទេចមួយចំហៀង ហើយថែមទាំងវិលមួយជុំត្រឡប់ក្រោយទៀតផង។ គួរឲ្យកត់សម្គាល់ ហេតុការណ៍នេះមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសឡើយ តែភ្លាមៗនោះ ភាគីខាងរថយន្តបង្កបានប្រញាប់ប្រញាល់ប្រមូលគ្រឿងសមុទ្រដាក់រថយន្តផ្សេង ដោះស្លាកលេខរថយន្តចេញ ហើយបើកគេចខ្លួនបាត់ស្រមោល។


ប្រជាពលរដ្ឋនៅក្បែរនោះបានសម្ដែងការងឿងឆ្ងល់ថា ចុះគ្រឿងសមុទ្រទាំងនេះដឹកមកពីខាងណាទៅវិញ? ហើយតើត្រូវយកទៅលក់ចែកចាយនៅឯខេត្តកំពត ឬកំពង់ស្ពឺ? ខណៈដែលតាមធម្មតា គេតែងដឹកពីខេត្តកំពតមកលក់នៅរាជធានីភ្នំពេញទៅវិញទេ។ ចំណែកឯរថយន្តសាំយ៉ុងកែច្នៃលើសពីលក្ខណៈបច្ចេកទេសបែបនេះ គេសង្កេតឃើញមានច្រើនគ្រឿងកំពុងតែបន្តដឹកជញ្ជូនទំនិញចូលមកកាន់រាជធានីភ្នំពេញដោយគ្មានការទប់ស្កាត់ឡើយ។
បន្ទាប់ពីកើតហេតុភ្លាមៗ រថយន្តបង្កគ្រោះថ្នាក់នេះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ទៅឱ្យការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ទូចយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយសំណងផលប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋជាក្រោយ។
ដោយ៖ ជ្រោយពេជ្រ
