កម្ពុជា​កំណត់​គោលដៅ​ទឹក​ស្អាត និង​អនាម័យ​ជនបទ ១០០% ត្រឹម​ឆ្នាំ​២០៣០

កម្ពុជា​កំណត់​គោលដៅ​ទឹក​ស្អាត និង​អនាម័យ​ជនបទ ១០០% ត្រឹម​ឆ្នាំ​២០៣០

រាជធានី​ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ផ្តល់​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​ជនបទ​ឱ្យ​បាន ១០០% នៅ​ត្រឹម​ឆ្នាំ​២០៣០។ ការ​ប្តេជ្ញា​ចិត្ត​នេះ​ត្រូវ​បាន​លើកឡើង​ជា​ថ្មី​ម្តង​ទៀត​ក្នុង​ឱកាស​អបអរសាទរ​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ​លើក​ទី១៦ កាលពី​ថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥។ ក្នុង​សារលិខិត​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូស​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី១៣ ខែវិច្ឆិកា ជា​ទិវា​ជាតិ​ដើម្បី​ផ្សព្វផ្សាយ និង​បង្កើន​ការ​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​អនាម័យ​ជនបទ ក្នុង​គោលបំណង​ធ្វើ​ឱ្យ​ស្ថានភាព​អនាម័យ​នៅ​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង ស្រប​តាម​គោលនយោបាយ​ជាតិ​ស្តីពី​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ។

ការ​លើកកម្ពស់​អនាម័យ​ជនបទ​នៅ​តែ​ជា​អាទិភាព​ចម្បង​របស់​រាជរដ្ឋាភិបាល។ ជាក់ស្តែង យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី ១ និង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី ៧ នៃ​រដ្ឋសភា សម្រាប់​ឆ្នាំ​២០២៣-២០២៨ បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​ជនបទ តាមរយៈ​ការ​កែ​លម្អ​លក្ខខណ្ឌ​រស់នៅ​របស់​សហគមន៍ ដោយ​ផ្តោត​សំខាន់​លើ​ការពង្រីក​វិសាលភាព​នៃ​ការ​ផ្តល់​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​ជនបទ​ឱ្យ​បាន ១០០% នៅ​ត្រឹម​ឆ្នាំ​២០៣០។

គួរ​ជាទី​មោទនៈ អត្រា​នៃ​ការ​ទទួល​បាន​សេវា​អនាម័យ​ជនបទ​មានការ​កើនឡើង​ជាលំដាប់។ គិត​មក​ទល់​ពេល​បច្ចុប្បន្ន រាជធានី-ខេត្ត​ទាំង ២៥ សម្រេច​បាន​ការ​បញ្ចប់​ការ​បន្ទោបង់​ពាសវាលពាសកាល (ODF) ដែល​ជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​របស់​កម្ពុជា ដោយ​មាន​ភូមិ ១៤ ៥៧៦ ឃុំ ១ ៦៥២ ស្រុក ១៦៣ ក្រុង ៣៣ និង​ខណ្ឌ ១៤ បាន​ទទួល​សមិទ្ធផល​នេះ។ អត្រា​គ្របដណ្ដប់​អនាម័យ​ជនបទ​បាន​កើនឡើង​ពី ៩០% នៅ​ឆ្នាំ​២០២៤ ដល់ ៩៥% ក្នុង​ឆ្នាំ​២០២៥ នេះ ហើយ​នឹង​ត្រូវ​សម្រេច​បាន ១០០% នៅ​ឆ្នាំ​២០៣០។ សមិទ្ធផល​ទាំងនេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា រាជរដ្ឋាភិបាល ភាគី​ពាក់ព័ន្ធ​ទាំងអស់ ព្រមទាំង​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស បាន​រួម​គ្នា​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​លើកកម្ពស់​អនាម័យ​ជនបទ ប្រកបដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់ ស្រប​តាម​គោលនយោបាយ យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ដែល​បាន​ដាក់​ចេញ។ លទ្ធផល​នេះ​ក៏​បាន​បង្ហាញ​ពី​ការ​ប្រែប្រួល​ជា​វិជ្ជមាន​នៃ​កម្រិត​យល់​ដឹង​អំពី​ការ​ប្រតិបត្តិ​អនាម័យ​ល្អ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ។

administrator

Related Articles