យោងតាមសារព័ត៌មាន Khaosod ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Natthapol Nakpanich រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានអះអាងថា ផែនការដោះលែងទាហានកម្ពុជាចំនួន ១៨នាក់ដែលត្រូវឃុំខ្លួន នឹងអាចប្រព្រឹត្តទៅបាន លុះត្រាតែកម្ពុជាបំពេញលក្ខខណ្ឌចាំបាច់ចំនួន ២ ក្នុងចំណោមលក្ខខណ្ឌដែលបានព្រមព្រៀងសរុប ៤ ជាមុនសិន។
ប្រមុខការពារជាតិថៃរូបនេះ បានបញ្ជាក់ថា ការដោះលែងទាហានខ្មែរដែលត្រូវបានគ្រោងទុកនៅថ្ងៃទី១២ ខែវិច្ឆិកា នេះ គឺផ្អែកលើការសន្យារបស់កម្ពុជាក្នុងការបញ្ចប់ការបោសសម្អាតមីននៅតាមបណ្តោយព្រំដែនត្រឹមថ្ងៃកំណត់នោះ។ លើសពីនេះ លោក Natthapol បានសង្កត់ធ្ងន់ថា ភាគីថៃនឹងមិនបើកច្រកព្រំដែនឡើងវិញនោះទេ រហូតដល់លក្ខខណ្ឌទាំង ៤ ត្រូវបានបំពេញរួចរាល់ទាំងស្រុង រួមមាន ការសាងសង់របងព្រំដែន និងការដោះស្រាយបញ្ហាប្រាសាទតាក្របី។ 
មុនពេលការបញ្ជាក់របស់លោក Natthapol ខាងលើនេះ កាលពីព្រឹកថ្ងៃសុក្រ លោក Sihasak Puangketkeow រដ្ឋមន្ត្រីការបរទេសថៃ ក៏បានប្រកាសយ៉ាងច្បាស់ៗផងដែរ នៅក្នុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានដនមឿង ទីក្រុងបាងកក។ លោកបានបញ្ជាក់ថា គម្រោងដោះលែងទាហានកម្ពុជាទាំង ១៨នាក់ ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសថៃ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែវិច្ឆិកា ពិតមែន។ ទោះជាយ៉ាងណាក៏ដោយ លោកបានបដិសេធយ៉ាងដាច់អហង្ការថា ការដោះលែងនេះ មិនមែនកើតចេញពីសម្ពាធបរទេសណាមួយឡើយ ដូចការលើកឡើងដែលថាវាអាចជាប់ពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្ម ឬសម្ពាធពន្ធពីសហរដ្ឋអាមេរិកនោះទេ។ លោក Sihasak បានសង្កត់ធ្ងន់ថា ការដោះលែងនឹងបន្ត «ស្របតាមលក្ខខណ្ឌដែលបានកំណត់ដោយអាជ្ញាធរថៃ» ដែលរួមបញ្ចូលទាំងការដកអាវុធធុនធ្ងន់ និងការអនុញ្ញាតឱ្យថៃចូលទៅកាន់តំបន់បោសសម្អាតមីននៅតាមបណ្តោយព្រំដែន។
