ខេត្តកំពត៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល ៣ ថ្ងៃកន្លងទៅនេះ ខេត្តកំពតបានទាក់ទាញភ្ញៀវទេសចរជិត ២០ ម៉ឺននាក់ឲ្យមកកម្សាន្ត និងសម្រាកលម្ហែយ៉ាងគំហុក។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជំនាញទេសចរណ៍ប្រចាំខេត្ត។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានមានប្រសាសន៍ថា ចំនួនភ្ញៀវសរុបមាន ១៩៥.៦៩១ នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិ ១.៤៨៧ នាក់។ តួលេខនេះបានកើនឡើងគួរឲ្យកត់សម្គាល់រហូតដល់ ៥០.៩៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកបានបន្ថែមថា ភាពជោគជ័យនេះមិនត្រឹមតែបង្ហាញពីភាពទាក់ទាញរបស់ខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីទំនុកចិត្ត និងភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាល ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។

ក្រុមអ្នកផ្តល់សេវាទេសចរណ៍ក្នុងខេត្តបានបង្ហាញពីក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលខេត្ត ដែលបានខិតខំប្រឹងប្រែងរៀបចំខេត្តឲ្យមានសន្តិសុខ សណ្ដាប់ធ្នាប់ និងភាពស្រស់ស្អាត ទើបធ្វើឲ្យខេត្តកំពតក្លាយជាគោលដៅពេញនិយមនាឱកាសបុណ្យជាតិរយៈពេល ៣ ថ្ងៃនេះ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ សម្រាប់រយៈពេល ៣ ថ្ងៃនេះ សេវាស្នាក់នៅក្នុងខេត្តត្រូវបានកក់ពេញអស់គ្មានសល់បន្ទប់ឡើយ។ ទោះជាយ៉ាងណា ការផ្តល់សេវាកម្មផ្សេងៗក៏ពុំមានការតម្លើងថ្លៃហួសហេតុដែរ។ ស្ថានភាពទូទៅតាមបណ្តារមណីយដ្ឋាន សហគមន៍ និងគោលដៅទេសចរណ៍នានាក្នុងខេត្តគឺប្រព្រឹត្តទៅដោយរលូន និងពុំមានបាតុភាពអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។

បញ្ហាកកស្ទះចរាចរណ៍ក៏ត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស ដោយសារមានការសម្របសម្រួលយ៉ាងសកម្មពីកងកម្លាំងនគរបាលខេត្តកំពត ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត អស់រយៈពេល ៣ ថ្ងៃពេញ។

អ្នកផ្តល់សេវាទេសចរណ៍មួយចំនួនបានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះឯកឧត្តមអភិបាលខេត្ត ដែលបានខិតខំរៀបចំខេត្តបានល្អគ្រប់ជ្រុងជ្រោយ ទាំងសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ពិសេសការរៀបចំតុបតែងលម្អ និងការបង្កើតសមិទ្ធផលថ្មីៗប្លែកៗសម្រាប់ទាក់ទាញភ្ញៀវទេសចរ។ ពួកគាត់ក៏បានសំណូមពរអធ្យាស្រ័យដល់ភ្ញៀវដែលមិនបានទទួលសេវាពេញលេញ ឬមានការខ្វះចន្លោះដោយសារចំនួនភ្ញៀវសម្រុកមកច្រើនលើសលប់។


ទាំងភ្ញៀវទេសចរ និងអ្នកផ្តល់សេវាកម្មផ្នែកទេសចរណ៍សុទ្ធតែមានក្តីរំពឹងខ្ពស់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន ខេត្តកំពតនឹងបន្តមានសមិទ្ធផលទេសចរណ៍ថ្មីៗល្អឯកលេចចេញជារូបរាងជាបន្តបន្ទាប់ទៀត។ ជាក់ស្តែងក្នុងពេលខាងមុខដ៏ខ្លីនេះ គម្រោងស្ពានវាងក្រុងដែលបំពាក់ដោយកង្ហារដ៏ធំ និងមានវ៉េរ៉ង់ដាសម្រាប់គយគន់ទេសភាពសមុទ្រ និងជើងភ្នំបូកគោនឹងចាប់ផ្តើមបុកគ្រឹះសាងសង់ ហើយត្រូវបានគេរំពឹងថានឹងរួចរាល់ជាស្ថាពរត្រឹមតែ ១២ ខែប៉ុណ្ណោះ។





