ខេត្តតាកែវ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្តតាកែវបានបំបែកកំណត់ត្រាដ៏គួរឱ្យភ្ញាក់ផ្អើល ដោយទទួលបានស្វាគមន៍ភ្ញៀវទេសចរយ៉ាងច្រើនកុះកររហូតដល់ ៤៧,៤៤៦ នាក់។ តួលេខដ៏ខ្ពស់ត្រដែតនេះ បានឆ្លុះបញ្ចាំងពីសក្ដានុពលដ៏ទាក់ទាញ និងការរៀបចំយ៉ាងល្អប្រសើររបស់អាជ្ញាធរខេត្ត ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយពីសំណាក់លោក វ៉ី សំណាង អភិបាលខេត្ត។

លោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងចំណោមភ្ញៀវទេសចរសរុបជិត ៥ម៉ឺននាក់នោះ រួមមានភ្ញៀវជាតិចំនួន ៤៧,១៤៤ នាក់ និងភ្ញៀវបរទេសចំនួន ៣០២ នាក់។ ពួកគេបានមកកម្សាន្តសប្បាយរីករាយនៅតាមតំបន់រមណីយដ្ឋានសំខាន់ៗ និងទស្សនាប្រាសាទបុរាណជាច្រើនរបស់ខេត្ត។

អ្វីដែលពិសេសនោះ ភ្ញៀវទេសចរក៏បានចូលរួមយ៉ាងសប្បាយរីករាយក្នុងកម្មវិធីដាល់អំបុកសាមគ្គីនៅសួនច្បារមាត់បឹងតាកែវ ទស្សនាការបាញ់កាំជ្រួចដ៏អស្ចារ្យ ក៏ដូចជាដើរទិញផលិតផលខ្មែរពីផ្សារចុងសប្តាហ៍ដែលបានរៀបចំឡើងក្នុងឱកាសពិធីបុណ្យអុំទូកនេះ។

ក្រោមការដឹកនាំប្រកបដោយការយកចិត្តទុកដាក់ និងចក្ខុវិស័យវែងឆ្ងាយពីសំណាក់ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ខេត្តមួយនេះបាននឹងកំពុងបោះជំហានទៅមុខយ៉ាងលឿនក្នុងការអភិវឌ្ឍ និងរីកចម្រើនជាលំដាប់។ លោកអភិបាលខេត្តបានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការជំរុញកំណើនសេដ្ឋកិច្ច និងការទាក់ទាញវិនិយោគិនជាតិ-អន្តរជាតិឱ្យមកបណ្តាក់ទុនកាន់តែច្រើនឡើង។

តាមរយៈការខិតខំប្រឹងប្រែងទាក់ទាញលំហូរវិនិយោគិនមកកាន់ខេត្តតាកែវ គោលដៅចុងក្រោយរបស់ឯកឧត្តម គឺការលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋខេត្តតាកែវទាំងមូល ឱ្យកាន់តែមានភាពធូរធារ និងរីកចម្រើនជាលំដាប់ផងដែរ។



ដោយ៖តារា
