**ខេត្តបន្ទាយមានជ័យ៖** ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងជាបន្តបន្ទាប់លើទីតាំងតែមួយ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ និងខូចខាតយានយន្តជាច្រើនគ្រឿង កាលពីវេលាយប់ទាបភ្លឺ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

តាមការរៀបរាប់ពីប្រជាពលរដ្ឋជាអ្នកឃើញហេតុការណ៍ បានឱ្យដឹងថា ឧបទ្ទវហេតុចរាចរណ៍នេះបានកើតឡើងដំបូងនៅវេលាម៉ោងប្រមាណ ៣ទៀបភ្លឺ រវាងរថយន្តម៉ាក Toyota ALPHARD ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2C-6170 ដែលបើកបរក្នុងទិសដៅពីកើតទៅលិច។ រថយន្តនេះបានបុកពីក្រោយរថយន្តត្រាក់ទ័រមួយគ្រឿងយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្ត ALPHARD ខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។

បន្ទាប់មកទៀត គ្រាន់តែមួយសន្ទុះ ក៏មានម៉ូតូមួយគ្រឿងទៀត ដែលជិះគ្នា២នាក់ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត បានជ្រុលទៅបុកចំត្រាក់ទ័រដែលកំពុងឈប់ស្ងៀមនៅកន្លែងកើតហេតុក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យអ្នកជិះម៉ូតូទាំង២នាក់រងរបួសធ្ងន់ សន្លប់ស្តូកស្តឹងនៅនឹងកន្លែង ដោយម្នាក់ក្នុងចំណោមនោះបានបាក់ជើងម្ខាងភ្លាមៗ ហើយត្រូវបានប្រជាពលរដ្ឋជួយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។


លុះរំលងបានប្រមាណមួយម៉ោងក្រោយមក ឧបទ្ទវហេតុមួយផ្សេងទៀតក៏បានកើតឡើងបន្ថែម ដោយមានរថយន្តក្រុងដឹកអ្នកដំណើរ ៤៥កៅអី ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2C-5556 បានបើកមកបុកពីក្រោយរថយន្ត ALPHARD ដែលកំពុងជាប់គាំងនៅកន្លែងគ្រោះថ្នាក់ជាមួយត្រាក់ទ័រនោះបន្ថែមទៀត បណ្តាលឲ្យរថយន្តក្រុងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។


សរុបមក ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បន្តកន្ទុយគ្នានេះ បានបណ្តាលឲ្យមានអ្នករងរបួសធ្ងន់២នាក់ ម្នាក់បាក់ជើង រីឯយានយន្តដែលខូចខាតរួមមាន ម៉ូតូ១គ្រឿង រថយន្តក្រុង១គ្រឿង រថយន្ត ALPHARD ១គ្រឿង និងត្រាក់ទ័រ១គ្រឿង។


ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការវាស់វែង ធ្វើកំណត់ហេតុ សម្រួលចរាចរណ៍ និងបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ។ ចំណែកឯយានយន្តពាក់ព័ន្ធក្នុងហេតុការណ៍ទាំងអស់ ត្រូវបាននាំយកទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ចរាចរណ៍ផ្លូវគោកជាធរមាន៕
