អាជ្ញាធរចិនបានសម្រេចបន្ថែមមុខទំនិញថ្មីទៅក្នុងបញ្ជីហាមឃាត់ការនាំចូលទឹកស៊ីរ៉ូ និងផលិតផលជាតិស្ករកែច្នៃទាំងអស់ពីប្រទេសថៃ។ ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ បានរកឃើញថារោងចក្រថៃទាំងអស់មិនបានបំពេញតាមស្តង់ដារអនាម័យ និងគុណភាពរបស់ចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer កាលពីថ្ងៃសុក្រ។
ការពង្រីកការហាមឃាត់ថ្មីនេះ បានចូលជាធរមានកាលពីថ្ងៃទី ២៧ ខែតុលា កន្លងទៅ ដែលរំពឹងថានឹងបង្កការខាតបង់ដល់ឧស្សាហកម្មផលិតផលជាតិស្កររបស់ថៃរាប់ពាន់លានបាត និងគំរាមកំហែងដល់ដំណើរការរបស់ក្រុមហ៊ុននាំចេញ ដែលពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារចិន។

ក្រោមវិធានការនេះ អាជ្ញាធរចិនបានបន្ថែមប្រភេទផលិតផលជាតិស្ករចំនួន ៤ ទៀត ទៅក្នុងការរឹតត្បិតដែលមានស្រាប់ ដោយរួមបញ្ចូលទាំងទឹកស៊ីរ៉ូ និងទឹកស្ករផ្សេងៗ ខណៈបានបញ្ឈប់មិនឱ្យក្រុមហ៊ុនថៃធ្វើការចុះបញ្ជីមុខទំនិញថ្មីទៀតផង។ គួររំឭកថា កាលពីខែធ្នូ ឆ្នាំមុន ចិនបានបិទការនាំចូលផលិតផលជាតិស្ករថៃរួចម្ដងមកហើយ ដែលក្នុងនោះរួមមានទឹកស៊ីរ៉ូ និងម្សៅលាយជាតិស្ករ។ ការបិទលើកនោះបានបង្ខំឱ្យក្រុមហ៊ុនថៃជាច្រើនផ្អាកដំណើរការ បង្កការខាតបង់ប្រហែល ៥០ ប៊ីលានបាត (ប្រហែល ១,៥៤ ប៊ីលានដុល្លារ) ហើយធ្វើឱ្យតម្លៃស្ករធ្លាក់ចុះ។
លោក Todsaporn Ruangpattananont ប្រធានសមាគមផលិតផលស្ករថៃ បានលើកឡើងថា រដ្ឋបាលគយទូទៅចិន (GACC) បានត្រួតពិនិត្យរោងចក្រថៃចំនួន ១០ កន្លែង កាលពីខែកក្កដា ឆ្នាំ២០២៥ ប៉ុន្តែបានរកឃើញថា គ្មានរោងចក្រណាមួយបានបំពេញតាមស្តង់ដារអនាម័យ និងគុណភាពរបស់ចិននោះទេ ទោះបីជារោងចក្រនីមួយៗបានវិនិយោគប្រាក់រាប់សិបលានបាត ក្នុងការធ្វើឱ្យប្រសើរឡើងនូវកន្លែងនានាដូចជា បន្ទប់សម្លាប់មេរោគ កន្លែងផលិតកម្ម និងបន្ទប់សម្អាតក៏ដោយ។
ជាលទ្ធផល ក្រុមហ៊ុននាំចេញថៃលែងអាចនាំចេញទឹកស៊ីរ៉ូ ឬផលិតផលស្ករលាយទៅចិនទៀតហើយ ដោយអាចនាំចេញបានតែផលិតផលស្ករសុទ្ធក្នុងបរិមាណកំណត់ប៉ុណ្ណោះ។ លោក Todsaporn បានសម្តែងការខកចិត្តយ៉ាងខ្លាំង ពីព្រោះក្រុមហ៊ុនផលិតថៃបានសហការយ៉ាងពេញលេញជាមួយដំណើរការត្រួតពិនិត្យរបស់ចិន ប៉ុន្តែចុងក្រោយចិននៅតែបន្ត និងពង្រីកការហាមឃាត់ការនាំចូលដដែល។
លោក Todsaporn បានជំរុញឱ្យក្រសួងពាណិជ្ជកម្មដឹកនាំការចរចាដោយផ្ទាល់ជាមួយ GACC ដើម្បីដោះស្រាយបញ្ហានេះ។ ទន្ទឹមនឹងនេះ លោកក៏បានអំពាវនាវដល់គណៈកម្មាធិការពាណិជ្ជកម្ម និងឧស្សាហកម្មព្រឹទ្ធសភាសម្រាប់ជំនួយ ដោយកត់សម្គាល់ថា ស្ថាប័ននេះធ្លាប់បានជួយឧស្សាហកម្មផលិតផលិតផលជាតិស្ករថៃ កំឡុងពេលចិនបិទការនាំចូលចុងឆ្នាំ ២០២៤ ដោយបានរកឱកាសទីផ្សារថ្មីៗនៅហ្វីលីពីន។
ជុំវិញបញ្ហានេះ លោក Ekkachai Ruangrat សមាជិកនៃគណៈកម្មាធិការពាណិជ្ជកម្មនៃព្រឹទ្ធសភាថៃ បាននិយាយថា ការហាមឃាត់ការនាំចូលរបស់ចិនកំពុងបន្តប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កសិករដាំអំពៅទូទាំងប្រទេស ចំពេលដែលការធ្លាក់ចុះនៃតម្លៃស្ករបានបង្កការលំបាកផ្នែកហិរញ្ញវត្ថុរួចទៅហើយ។
