អាមេរិកស្វែងរកការបន្ធូរបន្ថយទណ្ឌកម្មរបស់UNលើស៊ីរី មុនលោក al-Sharaa ទៅទីក្រុងវ៉ាស៊ីនតោន

អាមេរិកស្វែងរកការបន្ធូរបន្ថយទណ្ឌកម្មរបស់UNលើស៊ីរី មុនលោក al-Sharaa ទៅទីក្រុងវ៉ាស៊ីនតោន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានអនុម័តសេចក្តីសម្រេចមួយដែលគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីដកទណ្ឌកម្មលើប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa ។ ការសម្រេចចិត្តនេះបានត្រួសត្រាយផ្លូវសម្រាប់ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោក Sharaa ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន នៅសប្តាហ៍ខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក Sharaa ដែលបានដឹកនាំក្រុមឧទ្ទាមផ្តួលរំលំលោក Bashar al-Assad កាលពីខែធ្នូ ឆ្នាំ២០២៤ និងបានបញ្ចប់សង្គ្រាមស៊ីវិលអស់រយៈពេល ១៣ឆ្នាំនោះ គ្រោងនឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅឯសេតវិមាននៅថ្ងៃចន្ទខាងមុខ។

Ahmed al-Sharaa

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ UN លោក Mike Waltz បានបញ្ជាក់ថា ការបោះឆ្នោតនេះគឺជា «សញ្ញានយោបាយដ៏រឹងមាំ» ដែលទទួលស្គាល់ការចូលប្រទេសស៊ីរីទៅកាន់ «សករាជថ្មី» បន្ទាប់ពីការដួលរលំរបស់របបលោក Assad។ សេចក្តីសម្រេចនេះ ក៏បានដកទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើរដ្ឋមន្ត្រីមហាផ្ទៃស៊ីរី លោក Anas Khattab ផងដែរ។

លោក Sharaa អតីតមេដឹកនាំក្រុម Hayat Tahrir al-Sham (HTS) ធ្លាប់ត្រូវបានចាត់ទុកថាមានទំនាក់ទំនងជាមួយក្រុម Al-Qaeda និងស្ថិតនៅក្រោមទណ្ឌកម្មអន្តរជាតិអស់ជាច្រើនឆ្នាំ។ ទោះជាយ៉ាងណា សហរដ្ឋអាមេរិកបានដកឈ្មោះ HTS ចេញពីបញ្ជីអង្គការភេរវករកាលពីខែកក្កដា ដោយសារការកែទម្រង់របស់ក្រុមក្រោមការដឹកនាំរបស់លោក Sharaa។

រដ្ឋមន្ត្រីការបរទេសស៊ីរីបានសម្តែងការស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ UN ដោយថ្លែងថា ទីក្រុងដាម៉ាស «សូមថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក និងបណ្តាប្រទេសជាមិត្តចំពោះការគាំទ្ររបស់ពួកគេចំពោះប្រទេសស៊ីរី និងប្រជាជនរបស់ខ្លួន»។

ប្រធានាធិបតី Trump ក៏បានកោតសរសើរចំពោះការដឹកនាំរបស់លោក Sharaa ដោយបញ្ជាក់ថា ប្រធានាធិបតីស៊ីរីរូបនេះបានធ្វើ «ដំណើរឆ្ពោះទៅរកសន្តិភាព»។ មេដឹកនាំទាំងពីរបានជួបគ្នាជាលើកចុងក្រោយកាលពីខែឧសភា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Trump ទៅកាន់ទីក្រុងរីយ៉ាដ។ លោក Sharaa ក៏ធ្លាប់បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែកញ្ញាផងដែរ ដែលធ្វើឱ្យលោកក្លាយជាមេដឹកនាំស៊ីរីដំបូងគេដែលធ្វើដូច្នេះក្នុងរយៈពេលជិត ៦ទសវត្សរ៍។

នៅក្នុងសុន្ទរកថានោះ លោក Sharaa បានប្រកាសថា ស៊ីរីកំពុង «ដណ្តើមយកទីតាំងត្រឹមត្រូវរបស់ខ្លួនឡើងវិញ ក្នុងចំណោមប្រជាជាតិនានានៃពិភពលោក» ហើយបានសម្តែងការសាមគ្គីភាពជាមួយប្រជាជនហ្គាហ្សាផងដែរ។

administrator

Related Articles