អាជ្ញាធរខណ្ឌ៧មករា ចុះអនុវត្តវិធានការក្តៅ រុះរើសំណង់រំលោភចំណីផ្លូវសាធារណៈជុំវិញសាលាជ័យថាវី ដើម្បីសណ្តាប់ធ្នាប់ និងសុវត្ថិភាព!

អាជ្ញាធរខណ្ឌ៧មករា ចុះអនុវត្តវិធានការក្តៅ រុះរើសំណង់រំលោភចំណីផ្លូវសាធារណៈជុំវិញសាលាជ័យថាវី ដើម្បីសណ្តាប់ធ្នាប់ និងសុវត្ថិភាព!

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ អាជ្ញាធរខណ្ឌ៧មករា បានដឹកនាំកម្លាំងចម្រុះ និងមន្ត្រីជំនាញ ចុះអនុវត្តវិធានការរុះរើសំណង់ដែលសាងសង់រំលោភបំពានលើចំណីផ្លូវសាធារណៈ ស្ថិតនៅបរិវេណសាលាជ័យថាវី ក្នុងសង្កាត់វាលវង់។ ការរុះរើនេះធ្វើឡើងក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់សាធារណៈ សម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋ ក៏ដូចជាធានាបាននូវសុវត្ថិភាពក្នុងការជួយសង្គ្រោះបឋម ក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា ដែលបានតំណាងលោក ថេង សុថុល អភិបាលខណ្ឌ បានបញ្ជាក់យ៉ាងច្បាស់ថា ការចុះរុះរើសំណង់នេះ គឺអនុវត្តតាមការណែនាំផ្ទាល់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ លោកបានសង្កត់ធ្ងន់ថា រដ្ឋបាលខណ្ឌនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិណាមួយរបស់ប្រជាពលរដ្ឋ ដែលនៅតែបន្តរំលោភបំពាន និងមិនព្រមចូលរួមសហការជាមួយអាជ្ញាធរក្នុងការរុះរើនោះឡើយ។

ទន្ទឹមនឹងការចុះរុះរើនោះ អ្នកស្រី ស្រ៊ុន ផុន ជាប្រជាពលរដ្ឋរស់នៅខាងក្រោយសាលាជ័យថាវី បានសម្តែងការយល់ដឹង និងគាំទ្រយ៉ាងពេញទំហឹង។ អ្នកស្រីបានថ្លែងថា ទីតាំងដែលគាត់បានសាងសង់របងបិទបាំងនេះ គ្រាន់តែជាការធ្វើបណ្ដោះអាសន្នប៉ុណ្ណោះ ដោយគាត់ក៏ដឹងច្បាស់ថា វាស្ថិតនៅលើចំណីផ្លូវសាធារណៈរបស់រដ្ឋ។ អ្នកស្រីបន្តថា បើរដ្ឋត្រូវការអភិវឌ្ឍន៍ គាត់រីករាយនឹងសហការរុះរើចេញភ្លាមៗ។ លើសពីនេះ អ្នកស្រីក៏សប្បាយចិត្តផងដែរ នៅពេលឃើញមានការអភិវឌ្ឍន៍ពង្រីកផ្លូវបែបនេះ ព្រោះវានឹងជួយបង្កើនឱកាសលក់ដូរ និងកាន់តែងាយស្រួលសម្រាប់រថយន្តសង្គ្រោះចេញចូលទាន់ពេលវេលា ក្នុងករណីមានហេតុការណ៍ជាយថាហេតុ។

គួរបញ្ជាក់ថា យោងតាមលិខិតជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ដែលផ្ញើជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សំណង់ទាំងនេះបានសាងសង់បិទផ្លូវលេខ១៤៩ ដែលជាផ្លូវសាធារណៈ បង្កឱ្យមានភាពអនាធិបតេយ្យ និងបាត់បង់សណ្តាប់ធ្នាប់យ៉ាងខ្លាំង ដោយមានការដាក់កង់ ម៉ូតូ និងសម្ភារៈផ្សេងៗពាសពេញផ្លូវ។ ការសាងសង់រំលោភលើផ្លូវសាធារណៈបែបនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងសណ្តាប់ធ្នាប់ទីក្រុងប៉ុណ្ណោះទេ តែថែមទាំងរំខានដល់លំហូរចរាចរក្នុងតំបន់ ព្រមទាំងបង្កហានិភ័យដល់សុវត្ថិភាពសាធារណៈ និងរារាំងដល់កិច្ចការជួយសង្គ្រោះបន្ទាន់ ជាពិសេសក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើង។


អត្ថបទ៖ ម៉េង

administrator

Related Articles