ខេត្តបន្ទាយមានជ័យ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្តបន្ទាយមានជ័យ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង ៣ម៉ឺននាក់ មកកម្សាន្តយ៉ាងគគ្រឹកគគ្រេង។

លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្នុងរយៈពេលតែមួយថ្ងៃនៃពិធីបុណ្យនេះ ខេត្តទទួលបានភ្ញៀវសរុប ៣២.៣៥៦ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៣២.៣១៨ នាក់ និងភ្ញៀវអន្តរជាតិចំនួន ៣៨ នាក់។ នេះសបញ្ជាក់ឱ្យឃើញពីភាពទាក់ទាញខ្លាំងនៃខេត្តមួយនេះ។

លោកបានបន្តថា សម្រាប់ឆ្នាំ២០២៥ នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅសួនច្បារថ្មីមាត់ស្ទឹងសិរីសោភ័ណ ដែលស្ថិតក្នុងភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

ទោះបីជាមិនមានការប្រណាំងទូកដូចឆ្នាំមុនៗក៏ដោយ ក៏រដ្ឋបាលខេត្តបានរៀបចំពិធីបណ្ដែតប្រទីបយ៉ាងអធិកអធម នៅដងស្ទឹងសិរីសោភ័ណ ដោយមានប្រទីបជាច្រើនមកពីបណ្តាអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងបណ្តាស្រុក-ក្រុងទាំង ៩ ចូលរួម។


លោក ឈឿន សេរីវុធ ក៏បានបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីរដ្ឋបាលខេត្តរៀបចំពិធីបណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែរួចមក គេសង្កេតឃើញថា ភ្ញៀវទេសចរណ៍ជាង ៣ម៉ឺននាក់បានមកកម្សាន្តក្នុងរយៈពេលមួយថ្ងៃនៅក្រុងសិរីសោភ័ណ ដែលជាទីរួមខេត្តបន្ទាយមានជ័យ។












ព្រឹត្តិការណ៍នេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍ក្នុងខេត្តបន្ទាយមានជ័យឱ្យកាន់តែរីកចម្រើន។
