រាជធានីភ្នំពេញ៖ ទស្សនាវដ្តីទេសចរណ៍ល្បីល្បាញប្រចាំប្រទេសអង់គ្លេស និងទ្វីបអឺរ៉ុប «Wanderlust Magazine» ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៣ និងមានអ្នកអានឈានមុខគេ បានប្រកាសសន្យាជួយផ្សព្វផ្សាយយ៉ាងទូលំទូលាយពីសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ទៅដល់ប្រជាជនអង់គ្លេស និងពិភពលោកទាំងមូល។
យោងតាមក្រសួងទេសចរណ៍បានឱ្យដឹងថា ការសន្យានេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Lyn Hughes សហស្ថាបនិកទស្សនាវដ្តី Wanderlust។

លោកស្រី Lyn Hughes បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពសម្បូរបែបនៃធនធានទេសចរណ៍របស់កម្ពុជា ហើយបានសន្យាថានឹងជួយជំរុញការផ្សព្វផ្សាយប្រទេសកម្ពុជា ឱ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិ។

ឆ្លើយតបទៅនឹងការសន្យានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញលោកស្រី Lyn Hughes និងសហការី មកបំពេញទស្សនកិច្ចដោយផ្ទាល់នៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ ដើម្បីឱ្យពួកគាត់បានស្វែងយល់កាន់តែច្បាស់ពីសក្ដានុពលទេសចរណ៍ដ៏អស្ចារ្យរបស់កម្ពុជា។ ការអញ្ជើញនេះ គឺក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក ឱ្យកាន់តែទូលំទូលាយនិងមានប្រសិទ្ធភាព។

ជំនួបដ៏មានអត្ថន័យនេះ ត្រូវបានគេរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរអង់គ្លេស និងអឺរ៉ុប ឱ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន ដែលនឹងជួយស្ដារ និងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន។
