រាជធានីភ្នំពេញ ៖ ក្នុងឱកាសពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុករយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានកត់ត្រាចំនួនយានយន្តចរាចរណ៍សរុបរហូតទៅដល់ ៧៩,៣៨៨ដង ។ នេះបើតាមការប្រកាសរបស់ផេកផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ។

របាយការណ៍បានបង្ហាញថា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ចរាចរណ៍លើផ្លូវល្បឿនលឿនមានចំនួន ៧៩,៣៨៨ ដង ហើយក្នុងនោះ ក៏មានការហៅទូរស័ព្ទសង្គ្រោះបន្ទាន់ទៅលេខ ១៣៩៩ ចំនួន ១៥៩ខ្សែផងដែរ ។ ក្នុងចំណោមការហៅទូរស័ព្ទទាំងនោះ គ្មានករណីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរណាមួយឡើយ ប៉ុន្តែមានការស្វែងរកជំនួយ ៦៩ករណី និងប្រឹក្សាយោបល់សុំព័ត៌មាន ៩០ករណី ។

ជាមួយគ្នានេះ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាគោរពតាមលក្ខខណ្ឌប្រើប្រាស់ផ្លូវល្បឿនលឿន ក៏ដូចជាចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួន ។ ជាពិសេស សូមកុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍ជាដាច់ខាត ដើម្បីធានាសុវត្ថិភាពរៀងៗខ្លួនលើដងផ្លូវ។ សូមបើកបរដោយការប្រុងប្រយ័ត្ន និងសុវត្ថិភាពទាំងអស់គ្នា!
