ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវយ៉ាងទទូចដល់បងប្អូនអាជីវករលក់ដូរទាំងអស់ ឱ្យចូលរួមថែរក្សាអនាម័យ បរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមដងផ្លូវ ដើម្បីបង្កើនសោភណភាពទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនា និងជួយទិញផលិតផលក្នុងមូលដ្ឋានកាន់តែច្រើនឡើង។ 
ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសដែលលោកអភិបាលខេត្តបានដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ ចុះសួរសុខទុក្ខអាជីវករលក់ដូរនៅតាមដងផ្លូវក្បែរផ្សារបែកអន្លូង ព្រមទាំងចុះត្រួតពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីថែរក្សាអនាម័យបរិស្ថាន ចាប់ពីផ្សារបែកអន្លូង រហូតដល់វិទ្យាល័យ ហ៊ុន សែន អារក្សត្នោត ស្ថិតក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

ជាមួយគ្នានោះ លោកក៏បានណែនាំដល់អភិបាលស្រុក និងមេឃុំអារក្សត្នោត ឱ្យបន្តតាមដានការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដោយត្រូវមានធុងសម្រាប់ដាក់សំរាម និងជំរុញឱ្យអាជីវករកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលជាសារធាតុបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាពអ្នកប្រើប្រាស់។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្តក៏បានណែនាំបន្ថែមដល់មេឃុំ មេភូមិ ឱ្យធ្វើការសហការជាមួយប្រជាការពារ លោកគ្រូអ្នកគ្រូ ព្រះសង្ឃ និងបងប្អូនអាជីវករលក់ដូរតាមដងផ្លូវ ដើម្បីរៀបចំយុទ្ធនាការពលកម្មដើររើស និងបោសសម្អាតសំរាមឱ្យបានស្អាតផូរផង់ ប្រកបដោយសោភណភាពគួរឱ្យទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកទទួលទានអាហារ និងកម្សាន្តនៅតំបន់នេះ។

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម
