(ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញលទ្ធផលដ៏គួរឱ្យកត់សម្គាល់ ដោយបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៥៧៥គម្រោង ជាមួយនឹងទំហំទឹកប្រាក់ប្រមាណ ៩.២ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គម្រោងវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានបង្ហាញពីកំណើនយ៉ាងគំហុកចំនួន ២២៩គម្រោង ឬស្មើនឹងប្រមាណ ៦៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ជាមួយគ្នានេះ ទុនវិនិយោគសរុបក៏បានកើនឡើងជិត ៣.៧ប៊ីលានដុល្លារអាម៉េរិក ដែលស្មើនឹងប្រមាណ ៦៧% ផងដែរ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ ដែលមានគម្រោងវិនិយោគត្រឹមតែ ៣៤៦គម្រោង និងទំហំទុនវិនិយោគប្រមាណ ៥.៥ប៊ីលានដុល្លារអាម៉េរិក។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺត្រឹមរយៈពេល១០ខែប៉ុណ្ណោះ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគលើសពីចំនួនគម្រោងដែលបានចុះបញ្ជីពេញមួយឆ្នាំ២០២៤ ទៅដល់ទៅ ១៦១គម្រោង។ នេះសរបញ្ជាក់ឱ្យឃើញពីទំនុកចិត្តកាន់តែខ្លាំងរបស់វិនិយោគិនបរទេស និងក្នុងស្រុកមកលើសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា។

ដោយឡែក សម្រាប់តែខែតុលា ឆ្នាំ២០២៥ មួយខែប៉ុណ្ណោះ គម្រោងវិនិយោគចំនួន ២៩គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១.៤ប៊ីលានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជា។ កំណើននេះគឺជាសញ្ញាណវិជ្ជមានយ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនៅពេលខាងមុខ។

(Fresh News)
