ខេត្តកណ្តាល៖ កម្លាំងកងរាជអាវុធហត្ថក្រុងសំពៅពូន ក្រោមការដឹកនាំផ្ទាល់របស់លោកមេបញ្ជាការ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់។ ប្រតិបត្តិការដ៏ក្ដៅគគុកនេះ បានធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋអំពីសកម្មភាពជួញដូរគ្រឿងញៀនយ៉ាងកាក់កប ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។ 
ប្រតិបត្តិការខាងលើនេះ គឺប្រព្រឹត្តទៅក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាវុធហត្ថអមសាលាដំបូងខេត្តយ៉ាងត្រឹមត្រូវតាមច្បាប់។ កម្លាំងជំនាញកងរាជអាវុធហត្ថក្រុងសំពៅពូន បានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ និងធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ៥នាក់ រួចបញ្ជូនមកកាន់អង្គភាពដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង។ 
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានចាប់យកវត្ថុតាងមួយចំនួនធំ រួមមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ៣០កញ្ចប់, ទូរស័ព្ទដៃចំនួន ០៦គ្រឿង, ព្រមទាំងសម្ភារៈសម្រាប់ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។ 
បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
គួរជម្រាបថា ក្រុមជនសង្ស័យទាំង៥នាក់នេះ ត្រូវបានសាលាដំបូងខេត្តកណ្ដាលចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរួចហើយ។ 
