(បាងកក)៖ ទីផ្សារស្ករសិប្បនិមិត្តរបស់ថៃកំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរបន្ទាប់ពីប្រទេសចិនបានពង្រីកវិសាលភាពនៃការហាមឃាត់ការនាំចូលទឹកស៊ីរ៉ូប៍ និងម្សៅធ្វើពីសារធាតុស្ករទាំងអស់ពីប្រទេសថៃ។ ការសម្រេចចិត្តនេះធ្វើឡើងក្រោយការត្រួតពិនិត្យសុវត្ថិភាពចំណីអាហាររបស់ចិនបានរកឃើញថា រោងចក្រទាំង១០របស់ថៃដែលត្រូវបានត្រួតពិនិត្យ គឺពុំមានរោងចក្រណាមួយបំពេញតាមស្តង់ដារដែលកំណត់ដោយចិនឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer កាលពីថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
បម្រាមថ្មីនេះ ដែលបានចូលជាធរមានតាំងពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ត្រូវបានគេរំពឹងថានឹងបង្កការខូចខាតសេដ្ឋកិច្ចរាប់ពាន់លានបាត ហើយអាចធ្វើឲ្យរោងចក្រជាច្រើនដែលពឹងផ្អែកខ្លាំងលើទីផ្សារចិន ជួបវិបត្តិដល់ថ្នាក់បិទទ្វារទៀតផង។ បន្ថែមពីលើនេះ ចិនបានដាក់បញ្ចូលផលិតផល៤មុខទៀតទៅក្នុងបញ្ជីហាមឃាត់នាំចូលពីថៃ រួមមាន ម្សៅធ្វើពីសារធាតុស្ករ និងទឹកស៊ីរ៉ូប៍ ព្រមទាំងហាមឃាត់រាល់ការចុះបញ្ជីថ្មីសម្រាប់រោងចក្រថៃ។

លោក Todsaporn Ruangpattananont ប្រធានសមាគមអ្នកផលិតស្កររបស់ថៃ បានថ្លែងបញ្ជាក់ថា អគ្គរដ្ឋបាលគយចិនបានចុះត្រួតពិនិត្យរោងចក្រថៃចំនួន១០ កាលពីខែកក្កដា ឆ្នាំ២០២៥ ប៉ុន្តែលទ្ធផលបង្ហាញថា គ្មានរោងចក្រណាមួយអាចបំពេញតាមតម្រូវការស្តង់ដារអនាម័យ និងគុណភាពដែលចិនចង់បានឡើយ។ ហេតុនេះ រោងចក្រថៃជាច្រើនបាត់បង់លទ្ធភាពនាំចេញទឹកស៊ីរ៉ូប៍ ឬម្សៅផលិតពីសារធាតុស្ករទៅកាន់ប្រទេសចិន ហើយមានតែបរិមាណស្ករសុទ្ធមួយចំនួនតូចប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យនាំចេញទៅចិន ក្រោមប្រព័ន្ធកូតា។ លោក Todsaporn ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលថៃចាត់វិធានការ និងពិនិត្យឡើងវិញលើបញ្ហាការនាំចេញនេះជាបន្ទាន់។
គួររំលឹកផងដែរថា កាលពីខែធ្នូ ឆ្នាំ២០២៤ ប្រទេសចិនក៏ធ្លាប់បានដាក់បម្រាមលើការនាំចូលទឹកស៊ីរ៉ូប៍ និងម្សៅផលិតពីសារធាតុស្ករពីថៃម្តងរួចមកហើយ ដែលកាលណោះការខាតបង់ត្រូវបានប៉ាន់ស្មានថាមានប្រមាណ ៥០ពាន់លានបាត និងបានជំរុញឲ្យតម្លៃស្ករធ្លាក់ចុះយ៉ាងគំហុក។ ផ្ដល់សិទ្ធិដោយ៖ Fresh News
