ដំណឹងនៃព្រះរាជដំណើរយាងទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ព្រះករុណាព្រះបាទសម្ដេចព្រះមហាវ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) រាមាទី១០ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិននៅសប្ដាហ៍ក្រោយ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានទូទៅ ដ្បិតនេះជាព្រះរាជដំណើរដ៏កម្របំផុតពុំធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានប្រកាសក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៦ ខែវិច្ឆិកាថា ព្រះមហាក្សត្រថៃព្រះបាទសម្ដេចព្រះមហាវ៉ាជីរ៉ាឡុងកន នឹងយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា តាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។

យ៉ាងណាមិញ ព័ត៌មានលម្អិតពីកាលវិភាគនៃព្រះរាជទស្សនកិច្ចរយៈពេល ៥ថ្ងៃនេះ ពុំទាន់ត្រូវបានលាតត្រដាងនៅឡើយទេ។ លោកស្រី ម៉ៅ នីង បានបន្ថែមថា ព្រះរាជដំណើរនេះធ្វើឡើងចំខួប៥០ឆ្នាំនៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ ហើយព្រះអង្គក៏នឹងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិនជាច្រើនរូបផងដែរ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters នេះជាព្រះរាជដំណើរយាងទស្សនកិច្ចលើកដំបូងរបស់ព្រះមហាក្សត្រថៃ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងឆ្នាំ១៩៧៥។
សារព័ត៌មានស៊ីនហួ (Xinhua) របស់ចិន បានដកស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសចិនដដែលថា ព្រះមហាក្សត្រថៃព្រះបាទសម្ដេចព្រះមហាវ៉ាជីរ៉ាឡុងកន នឹងយាងចូលគាល់ប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) និងជួបជាមួយនាយករដ្ឋមន្ត្រី លី ឈាង (Li Qiang) ដាច់ដោយឡែកពីគ្នា។
លោកស្រី ម៉ៅ នីង បានសង្កត់ធ្ងន់ថា ការដែលព្រះមហាក្សត្រថៃជ្រើសរើសប្រទេសចិនជាប្រទេសដំបូងសម្រាប់ព្រះរាជទស្សនកិច្ចផ្លូវការរបស់ព្រះអង្គ គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសារៈសំខាន់ដែលប្រទេសទាំងពីរបានផ្ដល់ឲ្យដល់ទំនាក់ទំនងទ្វេភាគីនេះ។
លោកស្រីបន្ថែមតាមស៊ីនហួថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំប្រទេសទាំងពីរ ទំនាក់ទំនងចិន-ថៃ បានរក្សាកំណើនខ្ពស់ ហើយប្រជាជននៃប្រទេសទាំងពីរជឿជាក់ថា «ប្រទេសទាំងពីរមានភាពជិតស្និទ្ធដូចគ្រួសារតែមួយ»។
