ព្យុះទីហ្វុង «កាលម៉េហ្គី» ៖ វៀតណាមរងការវាយលុកធ្ងន់ធ្ងរ ក្រោយសម្លាប់មនុស្សជាង ១៤០នាក់នៅហ្វីលីពីន!

ព្យុះទីហ្វុង «កាលម៉េហ្គី» ៖ វៀតណាមរងការវាយលុកធ្ងន់ធ្ងរ ក្រោយសម្លាប់មនុស្សជាង ១៤០នាក់នៅហ្វីលីពីន!

ព្យុះទីហ្វុងដ៏កាចសាហាវ «កាលម៉េហ្គី» បានបោកបក់យ៉ាងខ្លាំងក្លាចូលមកដល់តំបន់ភាគកណ្តាលប្រទេសវៀតណាម កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៦ ខែវិច្ឆិកា។ ព្យុះនេះបាននាំមកនូវខ្យល់បក់បោក និងភ្លៀងធ្លាក់ឥតឈប់ឈរ បង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីវាបានឆក់យកអាយុជីវិតមនុស្សយ៉ាងតិច ១៤២នាក់រួចមកហើយនៅប្រទេសហ្វីលីពីន។

តាមរយៈការបញ្ជាក់ពីក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម ព្យុះ «កាលម៉េហ្គី» មានកម្លាំងខ្យល់បក់ដល់ទៅ ១៤៩ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបានបង្ខំឱ្យអាជ្ញាធរជម្លៀសប្រជាពលរដ្ឋរាប់ពាន់នាក់ពីខេត្តជាប់មាត់សមុទ្រ រួមមានខេត្ត Gia Lai និង Quang Ngai ទៅកាន់ទីទួលសុវត្ថិភាព។

លោក Pham Anh Tuan ដែលជាមន្ត្រីជាន់ខ្ពស់ប្រចាំខេត្ត Gia Lai បានថ្លែងទាំងក្តីបារម្ភថា «នេះគឺជាព្យុះទីហ្វុងដ៏ធំមួយ ដែលមានសមត្ថភាពបំផ្លិចបំផ្លាញគួរឱ្យខ្លាចបំផុត»។ នៅខេត្តនេះ ប្រជាពលរដ្ឋជាង ៧,០០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋានរបស់ពួកគេ មុនពេលព្យុះបោកបក់មកដល់។

លោក Vu Van Hao អាយុ ៤៨ឆ្នាំ ដែលជាអ្នកស្រុកម្នាក់ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ទាំងទឹកមុខស្លេកស្លាំង ដោយរៀបរាប់ពីទិដ្ឋភាពបង្អួចបែកខ្ទេចខ្ទី និងអគាររងការខូចខាតយ៉ាងដំណំថា៖ «ខ្យល់បក់ខ្លាំងពេក គ្មានអ្វីអាចទប់ទល់បាននោះទេ»។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ពីការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ និងការរំខានដល់ការដឹកជញ្ជូនសាធារណៈ។ សាលារៀន និងព្រលានយន្តហោះជាច្រើននៅក្នុងខេត្តរងគ្រោះ ត្រូវបានបង្ខំឱ្យបិទទ្វារជាបណ្ដោះអាសន្ន។ អ្នកជំនាញឧតុនិយមបានព្រមានជាមុន អំពីហានិភ័យនៃទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី។

ការវាយប្រហារនៃព្យុះទីហ្វុង «កាលម៉េហ្គី» កើតឡើងបន្ទាប់ពីតំបន់ភាគកណ្តាលនៃប្រទេសវៀតណាមទើបតែបានរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរកាលពីសប្តាហ៍មុន ដែលបានសម្លាប់មនុស្សយ៉ាងតិច ៤៧នាក់ និងធ្វើឱ្យផ្នែកខ្លះនៃទីក្រុងប្រវត្តិសាស្ត្រ Hue និង Hoi An ស្ថិតក្រោមជំនន់ទឹកភ្លៀង។

ដោយមើលឃើញពីភាពអាសន្ននេះ លោក To Lam ប្រធានាធិបតីវៀតណាម បានសម្រេចផ្អាកសម័យប្រជុំនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច ដើម្បីដឹកនាំការត្រួតពិនិត្យ និងត្រៀមលក្ខណៈទប់ទល់នឹងព្យុះដោយផ្ទាល់។ យោងតាមការិយាល័យស្ថិតិជាតិ ប្រទេសវៀតណាមជាមធ្យមតែងតែរងគ្រោះដោយខ្យល់ព្យុះប្រមាណ ១០ដងក្នុងមួយឆ្នាំ ហើយគិតត្រឹមឆ្នាំ ២០២៥ ចំនួនអ្នកស្លាប់ ឬបាត់ខ្លួនដោយសារគ្រោះមហន្តរាយធម្មជាតិបានកើនឡើងដល់ ២៧៩នាក់ហើយ។

គួររំលឹកផងដែរថា មុនពេលបោកបក់មកដល់វៀតណាម ព្យុះ «កាលម៉េហ្គី» បានបង្កជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរនៅប្រទេសហ្វីលីពីន ដោយបានបំផ្លិចបំផ្លាញកោះ Cebu និង Negros ព្រមទាំងបង្កជាទឹកជំនន់ដែលមិនធ្លាប់មានពីមុនមក។ លោកប្រធានាធិបតី Ferdinand Marcos Jr. បានប្រកាសពីភាពអាសន្ននៃគ្រោះមហន្តរាយជាតិ ខណៈដែលប្រជាពលរដ្ឋជាង ៥០ម៉ឺននាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួន។

អ្នកវិទ្យាសាស្ត្របានលើកឡើងថា ការកើនឡើងនូវកម្លាំងខ្យល់ព្យុះដូចជា «កាលម៉េហ្គី» នេះ គឺដោយសារតែការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយសកម្មភាពមនុស្ស ដែលបណ្តាលឱ្យមហាសមុទ្រមានសីតុណ្ហភាពកាន់តែក្តៅ និងមានភ្លៀងធ្លាក់កាន់តែខ្លាំង។

administrator

Related Articles