ក្រសួងព័ត៌មានបានឱ្យដឹងនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Beth Van Duyne សមាជិកសភាតំណាងរាស្ត្រសហរដ្ឋអាម៉េរិក កាលពីព្រឹកថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់)។ គណៈប្រតិភូកម្ពុជារួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ីកូផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត Richard McCormick ក៏បានអញ្ជើញចូលរួមជួបសម្តែងការនឹករលឹកជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីយ៉ាងកក់ក្តៅ។
ជំនួបដ៏សំខាន់នេះ មានគោលបំណងចម្បងក្នុងការពង្រឹងចំណងទំនាក់ទំនងពាណិជ្ជកម្ម ក៏ដូចជាស្វែងរកការគាំទ្របន្ថែមពីសភាអាម៉េរិក សម្រាប់ការវិនិយោគរបស់សហរដ្ឋអាម៉េរិកមកលើវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម និងការកាត់បន្ថយឧបសគ្គពាណិជ្ជកម្មនានា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវសមាជិកសភា បានផ្លាស់ប្តូរទស្សនៈយោបល់គ្នាយ៉ាងទូលំទូលាយ ក្នុងស្មារតីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជន និងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់ចំនួនពីររបស់កម្ពុជា៖ ទី១) ការចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួរ និងការអនុវត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការកសាងសន្តិភាព និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ក្រោមការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិក តាមរយៈឯកឧត្តមប្រធានាធិបតី Donald J. Trump និងសមាគមអាស៊ាន តាមរយៈឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន២០២៥។ ទី២) ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ (Reciprocal Trade Agreement) រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលជាសសរស្តម្ភដ៏រឹងមាំសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ច។

ក្នុងជំនួបនោះដែរ ឯកឧត្តមបណ្ឌិត Richard McCormick សមាជិកសភាតំណាងរាស្ត្រអាមេរិក ប្រចាំមណ្ឌលទី៧ រដ្ឋ Georgia ក៏បានឆ្លៀតពេលវេលាដ៏មមាញឹករបស់លោក ដើម្បីមកចូលរួមជួបសម្តែងក្តីនឹករលឹក និងពង្រឹងចំណងមិត្តភាពដ៏ល្អប្រសើរជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីផងដែរ។ ការជួបជុំនេះបានបញ្ជាក់បន្ថែមពីស្មារតីសាមគ្គីភាពរវាងសមាជិកសភាអាម៉េរិក និងគណៈប្រតិភូកម្ពុជា។

ជាការបង្ហាញនូវមនោសញ្ចេតនាគោរពរាប់អាន ថ្លែងអំណរគុណ និងក្តីនឹករលឹក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាននាំយកវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃជានិមិត្តរូបនៃវប្បធម៌ខ្មែរ គឺសម្លៀកបំពាក់ប្រពៃណីច្នៃអំពី «សំពត់ហូលខ្មែរ» ដ៏ប្រណិត ជូនលោកជំទាវ Beth Van Duyne និងឯកឧត្តមបណ្ឌិត Richard McCormick។ សំពត់ហូលនេះតំណាងឱ្យសិល្បៈដ៏ប៉ិនប្រសប់ និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ដែលត្រូវបានត្បាញដោយដៃយ៉ាងល្អិតល្អន់ពីសរសៃសូត្រសុទ្ធ និងជ្រលក់ពណ៌ដោយល័ក្តធម្មជាតិ ១០០% ទាមទារភាពអំណត់ និងជំនាញខ្ពស់។ រាល់ក្បាច់ក្បូរក្រឡាលើហូល បានបង្កប់នូវព្រលឹងអត្តសញ្ញាណជាតិ និងភាពច្នៃប្រឌិតរបស់បុព្វបុរសខ្មែរតាំងពីយូរលង់មកហើយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការជូនវត្ថុអនុស្សាវរីយ៍នេះ គឺជាក្តីសង្ឃឹមក្នុងការចែករំលែកភាពស្រស់ស្អាត និងភាពរុងរឿងនៃវប្បធម៌ខ្មែរ ព្រមទាំងពង្រឹងចំណងមិត្តភាពឱ្យកាន់តែស្អិតរមួតរវាងប្រទេសទាំងពីរ។

គួររំលឹកថា លោកជំទាវ Beth Van Duyne ធ្លាប់បានដឹកនាំគណៈប្រតិភូសភាសហរដ្ឋអាម៉េរិក (CODEL) មកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីចុងខែសីហាកន្លងទៅ។ កាលនោះ លោកជំទាវបានជួបសម្តេចធិបតីនាយករដ្ឋមន្ត្រី និងបានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងអត្រាអតិផរណាទាបរបស់កម្ពុជា។ ជាមួយគ្នានោះ លោកជំទាវ និងគណៈប្រតិភូ ក៏បានចុះពិនិត្យដោយផ្ទាល់ពីស្ថានភាពរបស់ប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ទីលំនៅទៅស្នាក់នៅមជ្ឈមណ្ឌលសន្តិសុខ ក្នុងស្រុកគូលែន ខេត្តព្រះវិហារផងដែរ។
ប្រភព៖ ក្រសួងព័ត៌មាន
