Rheinmetall អាល្លឺម៉ង់ ឡើងកប់! ប្រាក់ចំណេញហក់ខ្ពស់កប់ពពក ក្រោយអ៊ុយក្រែន និង EU បង្កើនការទិញអាវុធ

Rheinmetall អាល្លឺម៉ង់ ឡើងកប់! ប្រាក់ចំណេញហក់ខ្ពស់កប់ពពក ក្រោយអ៊ុយក្រែន និង EU បង្កើនការទិញអាវុធ

ក្រុមហ៊ុនផលិតអាវុធយក្សអាល្លឺម៉ង់ Rheinmetall បានប្រកាសពីកំណើនប្រាក់ចំណូល និងប្រាក់ចំណេញយ៉ាងសម្បើម កាលពីថ្ងៃទី៦ ខែវិច្ឆិកា។ កំណើនដ៏គួរឱ្យភ្ញាក់ផ្អើលនេះកើតឡើងចំពេលមានតម្រូវការអាវុធយ៉ាងគំហុក ដោយសារតែជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន និងការបង្កើនថវិកាការពារជាតិរបស់សហភាពអឺរ៉ុប។

យោងតាមរបាយការណ៍ត្រីមាសទី៣ ដែលចេញផ្សាយដោយ RT ក្រុមហ៊ុនផលិតអាវុធមួយនេះ មានប្រាក់ចំណូលកើនឡើង ២០% ដល់ ៧.៥ ពាន់លានអឺរ៉ូ ខណៈប្រាក់ចំណេញពីប្រតិបត្តិការក៏បានកើន ១៨% ដល់ ៨៣៥លានអឺរ៉ូ។
Rheinmetall factory

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Dusseldorf បានបញ្ជាក់ថា ស្តុករបស់ខ្លួនបានឡើងដល់កម្រិតខ្ពស់បំផុត ៦៤ ពាន់លានអឺរ៉ូ។ ជាក់ស្ដែង តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើងជិតបីដងក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងពីតម្រូវការដ៏ច្រើនសម្រាប់រថក្រោះ រថពាសដែក គ្រាប់កាំភ្លើងធំ គ្រាប់រំសេវ និងអាវុធជាច្រើនទៀតដែល Rheinmetall បានផ្គត់ផ្គង់ដល់អ៊ុយក្រែន។

លោក Armin Papperger នាយកប្រតិបត្តិក្រុមហ៊ុន បានអះអាងថា Rheinmetall កំពុងក្លាយជា “ជើងឯកការពារជាតិសកល”។ ដោយសារតម្រូវការកើនឡើងខ្លាំង ក្រុមហ៊ុនកំពុងពង្រីកផលិតកម្ម ដោយមានរោងចក្រចំនួន ១៣ កំពុងសាងសង់ ឬធ្វើឱ្យប្រសើរឡើងនៅក្នុងបណ្ដាប្រទេសសហភាពអឺរ៉ុប រួមទាំងរោងចក្រថ្មីមួយនៅលីទុយអានី និងផែនការដាក់ពង្រាយនៅឡាតវី និងប៊ុលហ្គារី។ អ៊ុយក្រែន សហភាពអឺរ៉ុប និងអាល្លឺម៉ង់ នៅតែជាទីផ្សារស្នូលរបស់ក្រុមហ៊ុន។

អាល្លឺម៉ង់បានក្លាយជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេទីពីរដល់អ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក។ ទីក្រុងប៊ែរឡាំងថែមទាំងបានកែប្រែច្បាប់ថវិកា ដើម្បីរក្សាការចំណាយការពារជាតិរយៈពេលវែង ដោយបានបោះទុនជាង ១០០ ពាន់លានអឺរ៉ូ បន្ថែមទៀត បន្ទាប់ពីជម្លោះនៅអ៊ុយក្រែនផ្ទុះឡើងនៅឆ្នាំ ២០២២។ នាយករដ្ឋមន្ត្រី Friedrich Merz ក៏បានសង្កត់ធ្ងន់ជាញឹកញាប់អំពីគោលដៅនៃការកសាងកងទ័ពដ៏រឹងមាំបំផុតនៅអឺរ៉ុបផងដែរ។ ទោះជាយ៉ាងនេះក្ដី ជំហរនេះត្រូវបានទីក្រុងមូស្គូរិះគន់យ៉ាងខ្លាំង ដោយចោទប្រកាន់លោកខាងលិចថា កំពុងបន្តនយោបាយយោធានិយមដោយមិនប្រុងប្រយ័ត្ន និងថាការផ្ដល់អាវុធដល់ទីក្រុងគៀវនឹងធ្វើឱ្យជម្លោះកាន់តែអូសបន្លាយតែប៉ុណ្ណោះ។

administrator

Related Articles