ព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយមួយកាលពីថ្ងៃទី៦ ខែវិច្ឆិកា ដែលនឹងរារាំងលោកប្រធានាធិបតី ដូណាល់ ត្រាំ មិនឲ្យបើកការវាយប្រហារយោធាទៅលើប្រទេសវេណេស៊ុយអេឡា ដោយពុំមានការអនុញ្ញាតពីសភាឡើយ។ ការបោះឆ្នោតនេះបានធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមន្ត្រីរដ្ឋបាលអាមេរិកបានប្រាប់សមាជិកសភាថា ទីក្រុងវ៉ាស៊ីនតោនមិនទាន់មានគម្រោងវាយប្រហារលើទឹកដីវេណេស៊ុយអេឡានៅពេលនេះទេ។
លទ្ធផលនៃការបោះឆ្នោតក្នុងព្រឹទ្ធសភា គឺ ៥១ទល់នឹង ៤៩ ដែលភាគច្រើនជាសំឡេងបោះឆ្នោតតាមខ្សែគណបក្ស ប្រឆាំងនឹងវិធានការដែលនឹងនាំមកនូវដំណោះស្រាយសង្គ្រាមនេះ។ ក្នុងចំណោមព្រឹទ្ធសមាជិកគណបក្សសាធារណរដ្ឋ មានតែពីររូបប៉ុណ្ណោះដែលបានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យក្នុងការគាំទ្រវិធានការនេះ។ នេះគឺជាការសាកល្បងចុងក្រោយបំផុតនៃឆន្ទៈរបស់គណបក្សក្នុងការគាំទ្រការកសាងកម្លាំងយោធារបស់លោកត្រាំនៅតំបន់ការ៉ាប៊ីនភាគខាងត្បូង បន្ទាប់ពីការវាយប្រហារយ៉ាងខ្លាំងក្លាអស់រយៈពេលពីរខែប្រឆាំងនឹងទូកនៅវេណេស៊ុយអេឡា។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា រដ្ឋបាលលោកប្រធានាធិបតី ត្រាំ បានបញ្ជាក់ថា ចាប់តាំងពីដើមខែកញ្ញាមក កងកម្លាំងសហរដ្ឋអាមេរិកបានវាយប្រហារយ៉ាងហោចណាស់ ១៦លើកទៅលើនាវាដែលសង្ស័យមានដឹកគ្រឿងញៀននៅប៉ាស៊ីហ្វិក និងភាគខាងត្បូងការ៉ាប៊ីន ដោយបានសម្លាប់មនុស្សជាង ៦៥នាក់។
ការវាយប្រហារជាច្រើនសប្តាហ៍នេះ បានបង្កឲ្យមានការព្រួយបារម្ភថា លោកប្រធានាធិបតី ត្រាំ នឹងអាចបើកការវាយប្រហារលើប្រទេសវេណេស៊ុយអេឡាដោយឯកតោភាគី។ ក្តីបារម្ភនេះបានជំរុញឲ្យមានការស្នើដំណោះស្រាយទ្វេបក្សមួយដែលតាក់តែងដោយព្រឹទ្ធសមាជិកមកពីគណបក្សប្រជាធិបតេយ្យ លោក Tim Kaine មកពីរដ្ឋ Virginia និងលោក Adam Schiff នៃរដ្ឋកាលីហ្វ័រញ៉ា រួមទាំងព្រឹទ្ធសមាជិកមកពីគណបក្សសាធារណរដ្ឋ លោក Rand Paul នៃរដ្ឋ Kentucky។
