ខេត្តស្ទឹងត្រែង៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងសមត្ថកិច្ច ដែលបានរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក និងពិធីសម្រក់ទៀន កាលពីពេលថ្មីៗនេះ។
ការថ្លែងកោតសរសើរនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ 
លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ និងជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទីរបស់ខ្លួនបន្ថែមទៀត ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈគ្រប់ពេលវេលា ជូនប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែង។ ជាមួយគ្នានេះ លោកក៏បានណែនាំឱ្យអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវសេចក្តីជូនដំណឹងស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលកំពុងកើតមានឡើងគួរឱ្យព្រួយបារម្ភ។ 
ដើម្បីពង្រឹងការងារនេះ ខេត្តក៏បានផ្សព្វផ្សាយនូវលិខិតលេខ ០១៩/០៧២៥ លស/លគបឆប ស្តីពីការរៀបចំនីតិវិធីគ្រប់គ្រងវត្ថុតាង និងនីតិវិធីនៃការបណ្តេញជនល្មើសពីបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីព្រះរាជាណាចក្រកម្ពុជា។ 
បន្ថែមពីនេះ ក៏មានការផ្សព្វផ្សាយនូវបទបញ្ជាលេខ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញនូវវិធានាការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ កាន់កាប់ ការផលិត និងការស្តុកទុកនូវឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់ (បារីអេឡិចត្រូនិច និងស៊ីស្សា) ផងដែរ។ 
លោកអភិបាលខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ច ខិតខំបង្កើនការយកចិត្តទុកដាក់បង្រ្កាបបទល្មើសក្មេងទំនើង និងគ្រឿងញៀន ដែលជាក្តីបារម្ភរបស់សង្គមជាតិ។
ទោះជាយ៉ាងនេះក្តី លោកបានវាយតម្លៃខ្ពស់ចំពោះសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងខេត្តស្ទឹងត្រែង ដែលពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់ ដោយរក្សាបាននូវស្ថិរភាពរឹងមាំល្អប្រសើរ។ 
បញ្ហាបទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗទៀត រួមទាំងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតែបន្តបង្រ្កាបជាបន្តបន្ទាប់ ដូចភ្លៀងរលឹម ដោយអនុវត្តខ្ជាប់ខ្ជួននូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ គោលនយោបាយនេះបានរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើស និងធានាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានរបស់ខ្លួនទទួលខុសត្រូវ។ 
ប្រភព ៖ មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
