បន្ទាយមានជ័យ៖ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានបង្ហាញពីសកម្មភាពមនុស្សធម៌ដ៏គួរឲ្យកោតសរសើរ ដោយបានប្រើប្រាស់រថយន្តមួយគ្រឿង ដឹកជញ្ជូនពលរដ្ឋខ្មែរចំនួន ០៩នាក់ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ទៅកាន់លំនៅឋានរៀងៗខ្លួនប្រកបដោយសុវត្ថិភាព។ ព័ត៌មាននេះត្រូវបានប្រកាសដោយផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃដដែល។

យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាន បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ឲ្យដឹកនាំកម្លាំងនគរបាលចំនួន ១៥នាក់។

កម្លាំងនគរបាលទាំងនេះ បានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងស្ថាប័នពាក់ព័ន្ធនានា ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់បងប្អូនពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់ពីប្រទេសថៃ មកកាន់មាតុភូមិកម្ពុជា តាមច្រកអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង។

ជាលទ្ធផល ក្នុងរយៈពេលពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៤:០០ ល្ងាច នៃថ្ងៃព្រហស្បតិ៍នោះ ប្រជាពលរដ្ឋខ្មែរសរុប ០៩នាក់ (ស្រី ០៤នាក់) ត្រូវបានកម្លាំងនគរបាលប្រើប្រាស់រថយន្ត០១គ្រឿង ដឹកជញ្ជូនទៅដល់លំនៅឋានរបស់ពួកគាត់នៅតាមបណ្តាខេត្តចំនួន ០២ រួមមាន៖ ខេត្តបាត់ដំបង ចំនួន ០៣នាក់ (ស្រី ០១នាក់) និងខេត្តបន្ទាយមានជ័យ ចំនួន ០៦នាក់ (ស្រី ០៣នាក់)។ សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់កម្លាំងសមត្ថកិច្ច ក្នុងការបម្រើសេវាសាធារណៈ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។

