ភ្នំពេញ ៖ កាលពីវេលាម៉ោងប្រមាណ ១រសៀល ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ ដោយបុរសជាសន្តិសុខក្រុមហ៊ុន RNS ម្នាក់ ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ស្នាក់នៅ ស្ថិតនៅចំណុចក្រុមហ៊ុនបេតុង LEAFOO ផ្លូវ៥០ម៉ែត្រ ក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ យួន ឡុង ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន RNS មានទីលំនៅដើមភូមិចាន់ ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ លោកបានមកស្នាក់នៅបណ្ដោះអាសន្នក្នុងបន្ទប់កន្លែងកើតហេតុខាងលើ។
យោងតាមការបំភ្លឺពីលោក អេន ឡេង ភេទប្រុស អាយុ៣៨ឆ្នាំ ដែលជាប្រធានរដ្ឋបាលក្រុមហ៊ុន បានឱ្យដឹងថា ជនរងគ្រោះត្រូវបានក្រុមហ៊ុនសន្តិសុខបញ្ជូនឲ្យមកយាមការងារតាំងពីអំឡុងខែមេសា ឆ្នាំ២០២៥ ដោយយាមពីព្រឹកដល់ល្ងាច ហើយយប់ឡើងក៏សម្រាកនៅក្នុងបន្ទប់ក្នុងបរិវេណក្រុមហ៊ុនតែម្ដង។

លោកប្រធានរដ្ឋបាលបានបន្តថា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ គេពុំឃើញជនរងគ្រោះមកយាមនៅខាងមុខក្រុមហ៊ុនឡើយ ទើបគិតស្មានថាគាត់ទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យអុំទូក។ លុះដល់ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដដែល លោកប្រធានក្រុមហ៊ុននៅតែពុំទាន់ឃើញជនរងគ្រោះមកបំពេញការងារទៀត ទើបសម្រេចទំនាក់ទំនងទៅក្រុមហ៊ុនសន្តិសុខរបស់ជនរងគ្រោះ។ ក្រោយមក នៅវេលាម៉ោងប្រហែល ១២:០០នាទី ថ្ងៃដដែល ក្រុមការងារពីក្រុមហ៊ុនសន្តិសុខបានមកដល់ ហើយក៏បានឡើងទៅកាន់បន្ទប់ស្នាក់នៅរបស់ជនរងគ្រោះ។ ដោយឃើញទ្វារបន្ទប់ចាក់សោរពីខាងក្នុង ទើបពួកគេសម្រេចកាត់សោរបើកទ្វារចូល ស្រាប់តែប្រទះឃើញជនរងគ្រោះបានដេកស្លាប់បាត់ទៅហើយនៅក្នុងបន្ទប់នោះ។
ក្រោយពីការពិនិត្យកន្លែងកើតហេតុ និងសាកសពដោយគ្រូពេទ្យជំនាញកោសល្យវិច័យ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ដែលអាចបណ្ដាលមកពីជំងឺប្រចាំកាយ។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
