(ខេត្តបាត់ដំបង)៖ បុណ្យអុំទូកឆ្នាំ២០២៥នេះ ខេត្តបាត់ដំបង ពិតជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង ១២ម៉ឺននាក់ បានសម្រុកមកកម្សាន្ត និងស្នាក់នៅរយៈពេលបីថ្ងៃពេញ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

របាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបង្ហាញថា ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ភ្ញៀវទេសចរសរុបចំនួន ១២៣,៩៥៥ នាក់ បានមកទស្សនា។ តួលេខនេះបានកើនឡើងរហូតដល់ ១២.១៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានតែជាង ១១ម៉ឺននាក់ប៉ុណ្ណោះ។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់បន្ថែមថា ក្នុងចំណោមភ្ញៀវទេសចរជាង ១២ម៉ឺននាក់នេះ ភ្ញៀវជាតិមានចំនួន ១២៣,០៨០ នាក់ ដែលកើនឡើង ១២.២២% ពីចំនួន ១០៩,៦៧៧ នាក់ ក្នុងឆ្នាំ២០២៣។ ចំណែកភ្ញៀវអន្តរជាតិវិញ មានចំនួន ៨៧៥ នាក់ កើនឡើង ៧.៧៦% បើធៀបនឹង ៨១២ នាក់ ក្នុងឆ្នាំ២០២៤។

ភ្ញៀវទេសចរទាំងអស់បានរីករាយជាមួយការដើរកម្សាន្តនៅតាមរមណីយដ្ឋានល្បីៗជាច្រើនក្នុងខេត្ត ចូលរួមកម្មវិធីដាល់អំបុកតាមទីវត្តអារាម និងជាពិសេសបានកកកុញគ្នាយ៉ាងណែនណាន់តាន់តាប់នៅកណ្តាលក្រុងបាត់ដំបង តាមបណ្តោយផ្លូវលេខពីរ ដែលមានរៀបចំមហោស្រពសិល្បៈ “ទីក្រុងស្អាត ២០២៥” រៀបចំដោយអង្គការហ្វារពន្លឺសិល្បៈ និងរដ្ឋបាលខេត្តបាត់ដំបង។

ព្រឹត្តិការណ៍នេះបានបង្ហាញពីសក្ដានុពលទេសចរណ៍ដ៏ខ្លាំងក្លារបស់ខេត្តបាត់ដំបង និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋានក្នុងឱកាសបុណ្យជាតិដ៏ធំនេះ។
ប្រភព៖ ក្រសួងព័ត៌មាន
