TUI Group ប្តេជ្ញាបន្តវិនិយោគ និងគាំទ្រវិស័យទេសចរណ៍កម្ពុជាបន្ថែមទៀត!

TUI Group ប្តេជ្ញាបន្តវិនិយោគ និងគាំទ្រវិស័យទេសចរណ៍កម្ពុជាបន្ថែមទៀត!

ភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានពីក្រសួងទេសចរណ៍ កាលពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុនទេសចរណ៍យក្សអន្តរជាតិ TUI Group នឹងបន្តពង្រីកវិសាលភាពនៃការវិនិយោគ និងចូលរួមយ៉ាងសកម្មក្នុងការគាំទ្រវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។

ពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយកម្ពុជា (CTB) ចូលរួម និងបានជួបប្រជុំពិភាក្សាការងារដ៏សំខាន់ជាមួយលោក Thomas Ellerbeck សមាជិកគណៈកម្មាធិការប្រតិបត្តិ និងជានាយកក្រុមសាជីវកម្ម និងកិច្ចការទំនាក់ទំនងខាងក្រៅនៃក្រុមហ៊ុន TUI Group ព្រមទាំងសហការី។ កិច្ចពិភាក្សានេះបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងក្រុមហ៊ុន TUI Group បន្ថែមទៀត។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្តរបស់ក្រុមហ៊ុន TUI Group មកលើរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការវិនិយោគសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ធំៗចំនួនពីររួចមកហើយ នៅខេត្តព្រះសីហនុ និងខេត្តសៀមរាប។ លើសពីនេះ ក្រុមហ៊ុនក៏មានគម្រោងវិនិយោគថ្មីៗបន្ថែមទៀត ដែលបានលើកឡើងក្នុងជំនួបនាពេលនេះ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអញ្ជើញលោក Thomas Ellerbeck និងសហការីរបស់ក្រុមហ៊ុន TUI Group មកបំពេញទស្សនកិច្ចដោយផ្ទាល់នៅកម្ពុជា ដើម្បីពិនិត្យ និងស្វែងយល់កាន់តែច្បាស់អំពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺសក្តានុពលដ៏ធំធេងនៃតំបន់អេកូទេសចរណ៍នាភូមិភាគឥសាន្ត។

ប្រភព៖ ក្រសួងទេសចរណ៍

administrator

Related Articles