អាជ្ញាធរខេត្តបុរីរម្យ ប្រទេសថៃ កំពុងបារម្ភយ៉ាងខ្លាំងថា ការធ្លាក់ចុះថ្លៃស្រូវនៅកម្ពុជា អាចនឹងជំរុញឱ្យមានការលួចនាំចូលស្រូវខុសច្បាប់ពីកម្ពុជាចូលក្នុងប្រទេសថៃ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃស្រូវក្នុងស្រុករបស់ពួកគេ។ ព័ត៌មាននេះត្រូវបានចុះផ្សាយដោយកាសែត The Nation។
ក្ដីបារម្ភនេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ក្នុងកិច្ចប្រជុំមួយស្ដីពីការពង្រឹងការត្រួតពិនិត្យតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅតាមបណ្ដាស្រុក Ban Kruat, Lahan Sai, និង Non Din Daeng ដើម្បីទប់ស្កាត់រាល់ការនាំចូលស្រូវខុសច្បាប់។
ក្នុងកិច្ចប្រជុំនោះ លោក Sritham Ratchakaew អភិបាលរងខេត្ត បានអំពាវនាវឱ្យមានការសហការគ្នាកាន់តែខ្លាំង រវាងកងកម្លាំងនគរបាល រដ្ឋបាលមូលដ្ឋាន និងផ្នែកសន្តិសុខ ដើម្បីបង្កើនការឃ្លាំមើល និងទប់ស្កាត់ការរត់ពន្ធស្រូវពីកម្ពុជា ដែលអាចយកទៅកិនធ្វើអង្ករ ឬលក់សម្រាប់កែច្នៃនៅក្នុងតំបន់។

ការពង្រឹងវិធានការនេះ ធ្វើឡើងស្របពេលដែលប្រទេសទាំងពីរបានប្រឈមមុខនឹងភាពតានតឹងតាមព្រំដែន រួមទាំងការបិទច្រកព្រំដែនគោកទាំងស្រុងតាំងពីខែមិថុនា និងជម្លោះប្រដាប់អាវុធរយៈពេល ៥ ថ្ងៃដែលបានផ្ទុះឡើងនៅចុងខែកក្កដា។
ថៃបានអះអាងដោយមិនបានបញ្ជាក់ពីប្រភពថា ការបិទព្រំដែនបានធ្វើឱ្យតម្លៃអង្ករកម្ពុជាធ្លាក់ចុះមកនៅត្រឹម ៣ ទៅ ៤ បាតក្នុងមួយគីឡូក្រាម ដែលអាចបង្កឱ្យមានការលួចនាំចូលស្រូវពីកម្ពុជាដោយខុសច្បាប់ និងដាក់លក់ក្នុងស្រុក ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារ និងបន្ទាបតម្លៃស្រូវរបស់ថៃ។

ក្រោមហេតុផលនេះ ខេត្តបុរីរម្យបានស្នើសុំឱ្យសាធារណជនរាយការណ៍អំពីការព្យាយាមរត់ពន្ធ ឬក្លែងបន្លំស្រូវថៃជាមួយស្រូវថោកៗពីប្រទេសជិតខាង។ ជនល្មើសនឹងត្រូវប្រឈមមុខនឹងការត្រួតពិនិត្យ និងចាត់វិធានការផ្លូវច្បាប់។ ការដឹកជញ្ជូនស្រូវលើសពី ៥ តោនចូល ឬចេញពីតំបន់ គឺតម្រូវឱ្យមានលិខិតអនុញ្ញាតពីរដ្ឋបាលខេត្ត ហើយការដឹកជញ្ជូនស្រូវដោយគ្មានលិខិតអនុញ្ញាត ត្រូវបានចាត់ទុកថាខុសច្បាប់។
លោក Chatchai Ninarat ប្រធានក្លឹបរោងម៉ាស៊ីនកិនស្រូវខេត្តបុរីរម្យ បានថ្លែងថា ប្រតិបត្តិកររោងម៉ាស៊ីនកិនស្រូវក្នុងខេត្ត ជាធម្មតាមិនទិញអង្ករពីប្រទេសកម្ពុជានោះទេ។ យ៉ាងណាមិញ ក្រុមហ៊ុននាំចេញមួយចំនួននៅតាមបណ្ដាខេត្តថៃផ្សេងទៀត អាចបានប្រើប្រាស់ទីតាំងនៅកម្ពុជាដើម្បីកិនអង្ករសម្រាប់នាំចេញទៅកាន់អឺរ៉ុប ឬសហរដ្ឋអាមេរិក ប៉ុន្តែប្រតិបត្តិការនេះទំនងជាមិនអាចដំណើរការទៅមុខបានទេ ក្រោយការបិទព្រំដែន។
លោក Chatchai ក៏បានបញ្ជាក់ដែរថា ការបិទព្រំដែននេះមិនបានប៉ះពាល់ដល់តម្លៃអង្ករថៃនោះទេ ដោយសារតែទីផ្សារសំខាន់ៗរបស់ថៃគឺសហរដ្ឋអាមេរិក ចិន ហុងកុង និងសិង្ហបុរី។ ទោះជាយ៉ាងណាក៏ដោយ ផលិតកម្មអង្ករថៃអាចនឹងថយចុះបន្តិចបន្តួច ដោយសារតែមិនអាចនាំចូលស្រូវពីកម្ពុជាបានទៀត។
