ចិនរឹតបន្តឹងការនាំចូលស្ករសិប្បនិមិត្តពីថៃ ក្រោយរកឃើញរោងចក្រ ១០ មិនស្តង់ដារ

ចិនរឹតបន្តឹងការនាំចូលស្ករសិប្បនិមិត្តពីថៃ ក្រោយរកឃើញរោងចក្រ ១០ មិនស្តង់ដារ

ទីក្រុងបាងកក៖ វិស័យស្ករសិប្បនិមិត្តរបស់ថៃកំពុងប្រឈមនឹងបញ្ហាធំធេង! ទីភ្នាក់ងារព័ត៌មាន Thai Enquirer បានចុះផ្សាយកាលពីថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ប្រទេសចិនបានពង្រីកវិសាលភាពនៃការហាមឃាត់ការនាំចូលទឹកស៊ីរ៉ូប៍ និងម្សៅធ្វើពីសារធាតុស្ករទាំងអស់ពីប្រទេសថៃ បន្ទាប់ពីការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារបានរកឃើញថា រោងចក្រថៃទាំង១០ ដែលត្រូវត្រួតពិនិត្យនោះ គ្មានមួយណាអាចបំពេញតាមស្តង់ដារដែលចិនចង់បានឡើយ។

បម្រាមដ៏តឹងរ៉ឹងនេះ ដែលបានចូលជាធរមានតាំងពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ត្រូវបានគេរំពឹងថានឹងបង្កការខូចខាតដល់ប្រទេសថៃរាប់ពាន់លានបាត ហើយអាចធ្វើឱ្យរោងចក្រជាច្រើនដែលពឹងផ្អែកខ្លាំងលើទីផ្សារចិន ប្រឈមនឹងការបិទទ្វារតែម្តង។ មិនតែប៉ុណ្ណោះ ចិនថែមទាំងបានបន្ថែមផលិតផលចំនួន ៤ មុខទៀត ក្នុងនោះមានម្សៅធ្វើពីសារធាតុស្ករ និងទឹកស៊ីរ៉ូប៍ ទៅក្នុងបញ្ជីហាមឃាត់នាំចូលពីថៃដែលមានស្រាប់ ព្រមទាំងបិទផ្លូវសម្រាប់ការចុះបញ្ជីថ្មីសម្រាប់រោងចក្រថៃទៀតផង។

លោក Todsaporn Ruangpattananont ប្រធានសមាគមអ្នកផលិតស្កររបស់ថៃ បានបញ្ជាក់ថា អគ្គរដ្ឋបាលគយចិនបានចុះត្រួតពិនិត្យរោងចក្រទាំង ១០ នោះ កាលពីខែកក្កដា ឆ្នាំ២០២៥ ប៉ុន្តែលទ្ធផលគឺគួរឱ្យអស់សង្ឃឹម ដោយគ្មានរោងចក្រណាមួយអាចបំពេញតាមលក្ខខណ្ឌអនាម័យ និងគុណភាពដែលចិនទាមទារបានឡើយ។

ជាលទ្ធផល បច្ចុប្បន្នរោងចក្រថៃជាច្រើនមិនអាចនាំចេញទឹកស៊ីរ៉ូប៍ ឬម្សៅផលិតពីសារធាតុស្ករទៅកាន់ប្រទេសចិនបានទៀតទេ ដោយមានតែស្ករសុទ្ធមួយចំនួនតូចប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ក្រោមប្រព័ន្ធកូតាដែលបានកំណត់។ លោក Todsaporn ក៏បានអំពាវនាវដល់រដ្ឋាភិបាលថៃឱ្យចាត់វិធានការ និងពិនិត្យមើលឡើងវិញនូវបញ្ហាការនាំចេញនេះជាបន្ទាន់។

គួរបញ្ជាក់ផងដែរថា កាលពីខែធ្នូ ឆ្នាំ២០២៤ ចិនក៏ធ្លាប់បានដាក់បម្រាមស្រដៀងគ្នានេះដែរ លើការនាំចូលទឹកស៊ីរ៉ូប៍ និងម្សៅផលិតពីសារធាតុស្ករពីថៃ ដែលកាលនោះការខាតបង់ត្រូវបានគេប៉ាន់ស្មានថាមានប្រហែល ៥០ ពាន់លានបាត និងបណ្តាលឱ្យតម្លៃស្ករធ្លាក់ចុះយ៉ាងគំហុក។

administrator

Related Articles