រាជធានីភ្នំពេញ ៖ ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងជំរុញការអភិវឌ្ឍជនបទប្រកបដោយចីរភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវអនុសាសន៍និងគំនិតផ្តួចផ្តើមសំខាន់ៗចំនួន៨ចំណុច។ យុទ្ធសាស្ត្រទាំងនេះមានគោលបំណងកែប្រែស្ថានភាពអនាម័យជនបទនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង ស្របតាមគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ។
អនុសាសន៍ដ៏មានសារៈសំខាន់ទាំងនេះ ត្រូវបានលើកឡើងក្នុងសារលិខិតរបស់សម្តេចបវរធិបតី ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៦ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ។ អនុសាសន៍ទាំង ៨ចំណុចរួមមាន ៖
ទី១. បន្តពង្រឹងការងារសម្របសម្រួល និងសហប្រតិបត្តិការលើការងារលើកកម្ពស់អនាម័យជនបទ តាមរយៈយន្តការក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ទី២. ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគ្រប់ភាគីទាំងអស់ត្រូវបន្តចូលរួមសហការឱ្យកាន់តែទូលំទូលាយ និងជិតស្និទ្ធបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

ទី៣. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល រៀបចំធ្វើបច្ចុប្បន្នភាពគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដើម្បីប្រើប្រាស់ជាឯកសារគតិយុត្ត និងជាផែនទីបង្ហាញផ្លូវ។
ទី៤. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តខិតខំស្វែងរកការគាំទ្រ និងកៀរគរធនធានពីដៃគូអភិវឌ្ឍ និងវិស័យឯកជន ព្រមទាំងសប្បុរសជននានាលើការងារនេះ។

ទី៥. ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តពង្រឹងយន្តការគ្រប់គ្រងទិន្នន័យអត្រាគ្របដណ្តប់អនាម័យជនបទឱ្យកាន់តែមានភាពច្បាស់លាស់ និងប្រកបដោយភាពជឿជាក់សម្រាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងការតាមដានត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាព។
ទី៦. ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវបន្តខិតខំស្វែងរកបច្ចេកវិទ្យាថ្មីៗទាក់ទងនឹងការងារលើកកម្ពស់អនាម័យជនបទដែលសមស្រប និងមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការគ្រប់គ្រងកាកសំណល់លាមកប្រកបដោយសុវត្ថិភាព និងចីរភាព។
ទី៧. ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តលើកទឹកចិត្ត និងគាំទ្រតាមគ្រប់រូបភាព ដល់ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិដែលទទួលបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតមូលដ្ឋាន ដើម្បីរក្សាបាននូវនិរន្តរភាព និងឈានទៅសម្រេចបានជាខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់។
ទី៨. ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តការយកចិត្តទុកដាក់បន្ថែមទៀតចំពោះក្រុមងាយរងគ្រោះ គ្រួសារក្រីក្រ ជនជាតិដើមភាគតិច ស្ត្រីមេម៉ាយ ជនមានពិការភាព និងអ្នកដែលរស់នៅក្នុងតំបន់ប្រឈម ដើម្បីឱ្យពួកគាត់មានលទ្ធភាពទទួលបានសេវាអនាម័យកាន់តែប្រសើរឡើង។
