សហរដ្ឋអាមេរិកបានសម្រេចដកចេញនូវទណ្ឌកម្មអាវុធទាំងស្រុងពីប្រទេសកម្ពុជា ជាសញ្ញាវិជ្ជមានដ៏សំខាន់មួយបន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ដែលត្រូវបានសម្របសម្រួលដោយផ្ទាល់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ។ ចំណាត់ការប្រវត្តិសាស្ត្រនេះ ត្រូវបានគេមើលឃើញថាជាកត្តាគន្លឹះក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អាមេរិកឡើងវិញ បន្ទាប់ពីភាពល្អក់កករអស់ជាងមួយទសវត្សរ៍។

ទណ្ឌកម្មដែលដាក់ក្នុងឆ្នាំ២០២១ ក្រោមរដ្ឋបាលលោកអតីតប្រធានាធិបតី ចូ បៃដិន គឺដោយសារតែក្តីបារម្ភពីការកើនឡើងនៃឥទ្ធិពលយោធាចិននៅក្នុងទឹកដីកម្ពុជា។ យ៉ាងណាមិញ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃសុក្រ ទី៧ ខែវិច្ឆិកានេះ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកបានប្រកាសលុបចោលការរឹតបន្តឹងទាំងនេះ ដោយផ្អែកលើ «កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព និងសន្តិសុខរបស់កម្ពុជា» រួមទាំងការចូលរួមជាថ្មីជាមួយរដ្ឋធានីវ៉ាស៊ីនតោន លើកិច្ចសហប្រតិបត្តិការការពារជាតិ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
ការប្រកាសដ៏សំខាន់នេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានជួបសម្តែងការគួរសមជាមួយសម្តេចពិជ័យសេនា ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានៅប្រទេសម៉ាឡេស៊ី។ ក្នុងជំនួបនោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការចាប់ផ្តើមឡើងវិញនូវសមយុទ្ធយោធាទ្វេភាគី ដែលធ្លាប់បានផ្អាកតាំងពីឆ្នាំ២០១៧។
ក្នុងឱកាសចុះហត្ថលេខាបទឈប់បាញ់ជាមួយប្រទេសថៃកាលពីចុងខែតុលា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណនិងកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់លោកត្រាំ។ សម្ដេចក៏បានបញ្ជាក់ថា សម្ដេចបានតែងតាំងលោកប្រធានាធិបតីសហរដ្ឋអាមេរិកសម្រាប់ពានរង្វាន់ណូបែលសន្តិភាព សម្រាប់តួនាទីដ៏សំខាន់របស់លោកក្នុងការបញ្ចប់ជម្លោះព្រំដែនដែលបានផ្ទុះឡើងកាលពីខែកក្កដា។
