វិបត្តិគុណភាព! តម្លៃដូងវៀតណាមធ្លាក់ចុះជិត ៧០% ក្រោយចិនរឹតបន្តឹងការនាំចូល

វិបត្តិគុណភាព! តម្លៃដូងវៀតណាមធ្លាក់ចុះជិត ៧០% ក្រោយចិនរឹតបន្តឹងការនាំចូល

តម្លៃផ្លែដូងវៀតណាមបានធ្លាក់ចុះយ៉ាងគំហុកជិត ៧០% ក្នុងរយៈពេលតែ ៣ ខែចុងក្រោយនេះ បន្ទាប់ពីមានបញ្ហាគុណភាពធ្វើឱ្យតម្រូវការពីប្រទេសចិនធ្លាក់ចុះយ៉ាងគំហុក បង្កឱ្យផ្លែដូងជោរពេញទីផ្សារក្នុងស្រុក។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត VnExpress។

កញ្ញា ហង្ស ជាកសិករដាំដូងនៅខេត្តភាគខាងត្បូង Vinh Long បានរៀបរាប់ប្រាប់ VnExpress ថា ឈ្មួញធ្លាប់ទិញដូងរបស់គាត់ក្នុងតម្លៃ ១០០ ០០០ ទៅ ១៣០ ០០០ ដុង (ប្រហែល ៤ ទៅ ៥ ដុល្លារ) ក្នុងមួយឡូកាលពីខែសីហា ប៉ុន្តែឥឡូវនេះពួកគេហ៊ានទិញត្រឹមតែ ៤០ ០០០ ដុង (ប្រហែល ១.៥ ដុល្លារ) ប៉ុណ្ណោះ។ «ភាគច្រើននៃឆ្នាំនេះ កសិករដាំដូងដូចជារូបខ្ញុំទទួលបានប្រាក់ចំណេញច្រើនណាស់ ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ តម្រូវការបានធ្លាក់ចុះខ្លាំង រហូតធ្វើឱ្យតម្លៃដូងធ្លាក់ចុះយ៉ាងគំហុក»។

លោក កៅ បា ដាំង ខ្វា អនុប្រធានសមាគមដូងវៀតណាម បានបញ្ជាក់ថា នៅឆ្នាំនេះ ក្រុមហ៊ុននាំចេញជាច្រើនបានដឹកជញ្ជូនដូងទៅកាន់ប្រទេសចិនក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ដោយមិនបានយកចិត្តទុកដាក់លើការត្រួតពិនិត្យគុណភាពត្រឹមត្រូវឡើយ។ លោកបន្តថា ក្នុងកុងតឺន័រមួយអាចមានផ្លែដូងធំ តូច និងមានរសជាតិខុសៗគ្នា ហើយកុងតឺន័រខ្លះថែមទាំងត្រូវបានបដិសេធត្រឡប់មកវិញទៀតផង ដែលបង្ខំឱ្យពាណិជ្ជករត្រូវនាំចូលស្រុកវិញ និងលក់ក្នុងតម្លៃថោកបំផុត។

អ្នកជំនាញរូបនេះក៏បានអះអាងផងដែរថា ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសចិននាពេលថ្មីៗនេះ តំណាងនៃសមាគមផ្លែឈើទីក្រុង Pingxiang បានប្រាប់លោកថា ផ្លែដូងជាច្រើនដែលនាំចូលពីវៀតណាមត្រូវបានបញ្ជូនត្រឡប់មកវិញ ដោយសារតែរសជាតិមិនផ្អែមដូចគ្នា និងខ្វះព័ត៌មានសម្រាប់ការតាមដានគុណភាពផ្លែឈើ។ លោកបានបន្ថែមថា៖ «អតិថិជននៅទីក្រុងសៀងហៃ ឬប៉េកាំង ហ៊ានចំណាយតម្លៃខ្ពស់ដើម្បីទិញដូង ប៉ុន្តែប្រសិនបើគុណភាពមិនស្ថិតស្ថេរ ក្រុមហ៊ុនវៀតណាមនឹងពិបាកក្នុងការរក្សាអាជីវកម្មរបស់ខ្លួននៅទីនោះ»។

សមាគមដូងវៀតណាមបានសង្កត់ធ្ងន់ថា ទីផ្សារអន្តរជាតិមានស្តង់ដារតឹងរ៉ឹងកាន់តែខ្លាំងឡើងសម្រាប់ផ្លែដូងស្រស់ ខុសពីដូងកែច្នៃ។ បច្ចុប្បន្ន ផ្លែដូងស្រស់ត្រូវបានលក់រាយក្នុងតម្លៃប្រហែល ៩០ ០០០ ដុងនៅទីក្រុងប៉េកាំង និងរហូតដល់ ១២០ ០០០ ដុងនៅសហរដ្ឋអាមេរិក ដូច្នេះហើយអ្នកនាំចូលតែងតែទិញវាតែពីកសិដ្ឋានដែលមានវិញ្ញាបនបត្រអន្តរជាតិទទួលស្គាល់ប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ពី VnExpress។

administrator

Related Articles