ក្រុមហ៊ុន Qatar Airways លក់ភាគហ៊ុន Cathay Pacific ក្នុងតម្លៃជាង ៨០០ លានដុល្លារ ក្រោយកាន់កាប់ ៨ ឆ្នាំ

ក្រុមហ៊ុន Qatar Airways លក់ភាគហ៊ុន Cathay Pacific ក្នុងតម្លៃជាង ៨០០ លានដុល្លារ ក្រោយកាន់កាប់ ៨ ឆ្នាំ

ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ដែលមានមូលដ្ឋាននៅទីក្រុងដូហា ប្រទេសកាតា ត្រៀមលក់ភាគហ៊ុនទាំងអស់របស់ខ្លួននៅក្នុងក្រុមហ៊ុនអាកាសចរណ៍យក្សហុងកុង Cathay Pacific Airways ក្នុងតម្លៃប្រមាណ ៨៩៧ លានដុល្លារអាមេរិក។ ការសម្រេចចិត្តនេះធ្វើឡើងក្រោយពីក្រុមហ៊ុន Qatar Airways បានកាន់កាប់ភាគហ៊ុនរបស់ Cathay Pacific អស់រយៈពេល ៨ ឆ្នាំ។
Cathay Pacific
ក្រុមហ៊ុន Cathay Pacific បានប្រកាសកាលពីល្ងាចថ្ងៃពុធថា ក្រុមហ៊ុន Qatar Airways កំពុងឈានទៅរកការលក់ភាគហ៊ុន ៩,៧% របស់ខ្លួនដោយជោគជ័យ ហើយ Cathay Pacific នឹងទិញភាគហ៊ុនទាំងនោះមកវិញក្នុងតម្លៃ ១០,៨៣៧៤ ដុល្លារហុងកុង (ប្រហែល ១,៣៩ ដុល្លារអាមេរិក) ក្នុងមួយហ៊ុន ដែលជាការបញ្ចុះតម្លៃប្រហែល ៤% ធៀបនឹងតម្លៃភាគហ៊ុនចុងក្រោយរបស់ខ្លួន។

Qatar Airways បានចាប់ផ្ដើមទិញភាគហ៊ុននៅក្នុងក្រុមហ៊ុន Cathay Pacific កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ ពីក្រុមហ៊ុន Kingboard Chemical Holdings របស់ហុងកុង ដែលធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍កាតាក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេទីបី បន្ទាប់ពី Swire Pacific និង Air China។ ការវិនិយោគនេះគឺជាលើកដំបូងរបស់ Qatar Airways នៅក្នុងក្រុមហ៊ុនអាកាសចរណ៍អាស៊ី ហើយមានបំណងពង្រីកឥទ្ធិពលសកល និងបង្កើនចរាចរណ៍តាមរយៈមជ្ឈមណ្ឌលដូហារបស់ពួកគេ។

លោក Badr Mohammed Al-Meer នាយកប្រតិបត្តិក្រុមហ៊ុន Qatar Airways បានបញ្ជាក់ថា ការដកខ្លួនចេញនេះឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រវិនិយោគប្រកបដោយវិន័យរបស់ក្រុមហ៊ុន និងធ្វើឡើងបន្ទាប់ពីលទ្ធផលដ៏រឹងមាំមួយរយៈ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនបង្កើនប្រសិទ្ធភាពការវិនិយោគ និងត្រៀមខ្លួនសម្រាប់ការរីកចម្រើនរយៈពេលវែង។

ក្រុមហ៊ុនអាកាសចរណ៍នៅមជ្ឈិមបូព៌ានេះ បានបន្តយុទ្ធសាស្ត្រវិនិយោគលើក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោក ដើម្បីពង្រឹងជំហរប្រកួតប្រជែងរបស់ខ្លួន រួមមានក្រុមហ៊ុនមេរបស់ British Airways IAG, ក្រុមហ៊ុនអាកាសចរណ៍អាមេរិកខាងត្បូង LATAM និង Virgin Australia។

លោក Patrick Healy ប្រធានក្រុមហ៊ុន Cathay Pacific បានមានប្រសាសន៍ថា ការទិញភាគហ៊ុនត្រឡប់មកវិញនេះបង្ហាញពីទំនុកចិត្ត “យ៉ាងខ្លាំង” លើអនាគតរបស់ក្រុមហ៊ុន។ Cathay Pacific ក៏បានដាក់ចេញនូវផែនការវិនិយោគ ១០០ ពាន់លានដុល្លារហុងកុង សម្រាប់រយៈពេល ៧ ឆ្នាំខាងមុខ។ ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានអនុម័ត ភាគហ៊ុនគ្រប់គ្រងរបស់ Swire Pacific នៅក្នុងក្រុមហ៊ុន Cathay Pacific នឹងកើនឡើងដល់ ៤៧,៦៩% ពី ៤៣,១២% ខណៈដែលភាគហ៊ុនរបស់ Air China នឹងកើនឡើងដល់ ៣១,៧៨% ពី ២៨,៧៤%។ ទាំង Cathay Pacific និង Qatar Airways បានបញ្ជាក់ថា ពួកគេនឹងបន្តភាពជាដៃគូរបស់ពួកគេតាមរយៈ Oneworld Alliance ដដែល។

administrator

Related Articles