ជំរុញទេសចរណ៍! កម្ពុជា ស្នើ Emirates Airline បើកជើងហោះហើរត្រង់មកភ្នំពេញ ដើម្បីទាក់ទាញភ្ញៀវ!

ជំរុញទេសចរណ៍! កម្ពុជា ស្នើ Emirates Airline បើកជើងហោះហើរត្រង់មកភ្នំពេញ ដើម្បីទាក់ទាញភ្ញៀវ!

ភ្នំពេញ ៖ ក្នុងបេសកកម្មដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) នៅថ្ងៃនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបប្រជុំពិភាក្សាការងារយ៉ាងយកចិត្តទុកដាក់ជាមួយលោកស្រី Helen Breen នាយិកាផ្នែកលក់របស់ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក Emirates Airline។ ជំនួបនេះ ផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការជំរុញការតភ្ជាប់ផ្លូវអាកាស និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជា។

ក្នុងជំនួបដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានស្នើដល់ក្រុមហ៊ុន Emirates Airline ពិនិត្យលទ្ធភាព និងសិក្សាឱ្យបានស៊ីជម្រៅពីការបង្កើតជើងហោះហើរត្រង់មកកាន់កម្ពុជាដោយផ្ទាល់។ ការស្នើនេះ ធ្វើឡើងដោយសារបច្ចុប្បន្នកម្ពុជា មានអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានកម្រិត 4F ទំនើប និងមានសមត្ថភាពខ្ពស់ អាចទទួលយន្តហោះធំៗបាន។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗមួយចំនួនដូចជា Turkish Airlines និង Etihad ក៏បានចាប់ផ្តើមជើងហោះហើរត្រង់មកកាន់កម្ពុជាជាបន្តបន្ទាប់ផងដែរ ដែលជាសញ្ញាល្អសម្រាប់វិស័យអាកាសចរណ៍ និងទេសចរណ៍កម្ពុជា។

ជាការបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានឆ្លៀតអញ្ជើញលោកស្រី Helen Breen ព្រមទាំងសហការី មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីពិនិត្យមើលស្ថានភាពលំហូរភ្ញៀវទេសចរជាក់ស្តែង និងស្វែងយល់កាន់តែច្បាស់ពីសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជាផ្ទាល់តែម្តង។

ដោយ ៖ សិលា

administrator

Related Articles